តស្វាយរៀង៖ អាជ្ញាធរកំពង់ត្រាច ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រើហិង្សាវាយនារីម្នាក់ដែលជាគ្រូពេទ្យ រងរបួសយ៉ាងដំណំ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង វេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំនុចភូមិតាត្រាវ​ ឃុំ​កំពង់​ត្រាច​ ស្រុករមាសហែក ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះ ព្រាប  ភារម្យ​ អាយុ ២៩ឆ្នាំ រស់នៅភូមិតាវាំង ឃុំ​គគីរ​ ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកនារីរងគ្រោះមានឈ្មោះ ម៉ី សេរី អាយុ ២៨ឆ្នាំ បម្រើការងារនៅមន្ទីពេទ្យបង្អែកស្រុករមាសហែក រស់នៅភូមិជាមួយគ្នា។

បើតាមការបំភ្លឺពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ ជនសង្ស័យជាអ្នកស្គាល់គ្នា និងរស់នៅក្នុងភូមិជាមួយគ្នា ហើយគេតែងតែមកតាមសុំស្រឡាញ់នាងជារឿយៗ ប៉ុន្តែរូបនាងបានបដិសេធមិនព្រមស្រឡាញ់គាត់។ ហើយក្នុងថ្ងៃកើតហេតុនាងបានជិះម៉ូតូ ចេញពីកន្លែងធ្វើការនៅមន្ទីពេទ្យបង្អែកស្រុករមាសហែក គោលបំណងត្រឡប់មកផ្ទះដូចសព្វដង ខណៈនោះស្រាប់តែជនសង្ស័យ បានជិះម៉ូតូមកឈប់ក្បែររួចបានស្ទុះវាយមួយដៃ និងបុកម៉ូតូផ្តួលចាប់ច្របាច់កអូសទៅខាង​ត្បូង​ថ្នល់​វាយ​ជា​ច្រើន​ដៃ ​ក្រោយមកនាងបានសំពះអង្វរ ទេីបជនសង្ស័យព្រមឈប់វាយ និងជិះម៉ូតូរត់គេចបាត់។

ក្រោយកើតហេតុភ្លាម នាងបានទៅដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានចុះទៅដល់ផ្ទះជនសង្ស័យ ដើម្បីឃាត់ខ្លួនយកមកសាកសួរ។ ករណីនេះ ជនសង្ស័យបានសារភាពយ៉ាងមុតមាំថា ខ្លួនពិតជាបានប្រើហិង្សាទៅលើនារីរងគ្រោះប្រាកដមែន ព្រោះតែសុំស្នេហ៍នាងច្រើនដង តែមិនដែលបានសម្រេច ។ បន្ទាប់ពីសាកសួរចប់ សមត្ថកិច្ចសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕