ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកម្មករ កម្មការិនីដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ទាំង២៩នាក់

380

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខកម្មករ កម្មការិនីដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះជាច្រើនគ្រឿងកាលពីយប់ថ្ងៃទី ១១ខែសីហា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលក្នុងហេតុការណ៍នោះមានជនរងគ្រោះ ០១នាក់បានស្លាប់បាត់បង់ជីវិត និង២៩នាក់ទៀតរងរបួស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងមន្ទីរពេទ្យឯកជន សេតេ។

យោងតាមរបាយការណ៍បញ្ជាក់ថា ជនរងគ្រោះដែលរងរបួសធ្ងន់ និងស្រាលសរុបចំនួន២៩ នាក់ ក្នុងនោះកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យដូចខាងក្រោម៖
– មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន ១៣នាក់ ស្រី ១០នាក់ (បច្ចុប្បន្នបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញចំនួន៣នាក់ ស្រី២)
– មន្ទីរពេទ្យ CT ( ពេទ្យដើមស្វាយ) មានចំនួន ១៦នាក់ ស្រី ១២នាក់។
ដោយឡែកមានកម្មករ កម្មាការនីចំនួន ៤នាក់ទៀត ដែលក្នងនោះមានស្រីចំនួន ៣នាក់ បានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យភ្នំពេញ។

សូមរំលឹកដែរថានៅយប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨:៣០នាទី ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿងម៉ាក FUSO ពណ៌ត្រួយចេកពាក់ផ្លាកលេខព្រះសីហនុ 3A-7073 ក្រុមហ៊ុន SP មុំសម្ផស្ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើក្នុង ស្ថានភាពផ្លូវចុះចំណោទដាច់ហ្រ្វាំងជ្រុលទៅបុករថយន្ត ចំនួន ០៣គ្រឿងមានទិសដៅស្របគ្នាដែល បណ្តាលឲ្យស្លាប់មនុស្ស ចំនួន ០១នាក់នៅនឹងកន្លែងកើតហេតុ ហើយកម្មករ កម្មការិនីរងរបួសមនុស្សចំនួន២៩នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕