រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានព្រមានថា បើសិនជានៅក្នុងខណ្ឌណាមួយ មានលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយមានភ្ញៀវចូលយ៉ាងពពាក់ពពួន ហើយកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានជាក់ស្ដែងនោះ អភិបាលខណ្ឌនោះនឹងមានបញ្ហាជាមួយក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក ឃួង ស្រេងបានបញ្ជាក់ថា “អាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវចុះពិនិត្យ ក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកំសាន្ត និងខារ៉ាអូខេដែលបានកែប្រែទៅជាភោជនីយដ្ឋាន ថាតើទីតាំងទាំងនោះ បានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ។

ប៉ុន្តែផ្ទុយទៅវិញ បើក្លឹបនិងខារ៉ាអូខេទាំងនោះ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេ តែបែរជាលួចបើកជាក្លឹប ខារ៉ាអូខេ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្តែងនោះ នោះអាជ្ញាធរខណ្ឌនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលហើយ” ។

អភិបាលរាជធានីភ្នំពេញ បន្ថែមទៀតថា ក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលប្តូរទៅជាភោជនីយដ្ឋាន អាជ្ញាធរខណ្ឌត្រូវចុះពិនិត្យមើលថាតើបានគោរពតាមវិធាន របស់ក្រសួងសុខាភិបាលទេ ដូចជាការលាងដៃនឹងអាកុល ទឹកស្អាត និងសាប៊ូ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម៕