ក្តៅៗ ដីរបស់មន្ទីរពេទ្យ បង្អែកខេត្តកំពត ដែលជាដីរបស់រដ្ឋ ត្រូវបានគេលួចខ្វៀលទុកសម្រាប់ធ្វើប្លង់ឲ្យឯកជន

1003

(កំពត)៖ ក្រុមវេជ្ជបណ្ឌិត ក៏ដូចជាប្រជាពលរដ្ឋ បានសំដែងការអន់ចិត្តយ៉ាងខ្លាំង ខណៈដែលដឹងដំណឹងថាដីរបស់មន្ទីរពេទ្យ បង្អែកខេត្តកំពត ដែលជាដីរបស់រដ្ឋ ត្រូវបានគេលួចខ្វៀលទុកសម្រាប់ធ្វើប្លង់ឲ្យឯកជន សូម្បីតែខាងមន្ទីរពេទ្យក៏មិនបានដឹងថា គេមកវាស់ទុកតាំងពីពេលណានោះឡើយ។

តាមការឲ្យដឹងរបស់លោកវជ្ជៈបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពតបានឲ្យអ្នកកាសែតដឹងថា លោកមិនបានដឹងរឿងអ្វីជ្រៅជាងនេះឡើយ ដោយគ្រាន់តែដឹងថា ពីមុនមានប្រជាពលរដ្ឋប្រមាណជា៥គ្រួសារ បានរស់នៅក្នុងអាគារបុគ្គលិក (staff house) ក្នុងបរិវេនដីរបស់មន្ទីរពេទ្យជាយូមកហើយ។ ហើយពេលដែលមន្ទីរពេទ្យពង្រីកអាគារបន្ថែមសម្រាប់ព្យាបាលអ្នកជំងឺ ក៏បានទើសអាគារបុគ្គលិកនោះ ដែលមានពលរដ្ឋរស់នៅ តែពួកគាត់ក៏បានរើចេញតាមការសំណូមពររបស់មន្ទីរពេទ្យ ព្រោះពួកគាត់ទទួលស្គាល់ថាបានរស់នៅលើដីរបស់រដ្ឋ ដោយឡែកមានពលរដ្ឋចំនួន៣គ្រួសារ មិនព្រមចេញតាម ការសំណូមពររបស់មន្ទីរពេទ្យឡើយ ដោយមានហេតុផលថាឳពុកម្តាយរបស់ពួកគាត់បានរស់នៅលើដីនេះ ជាយូឆ្នាំមកហើយ។ លោកវជ្ជៈបណ្ឌិតបន្ថែមថា ក្រោយមកទៀតនៅពេលថ្មីៗនេះ ខាងមន្ទីរជំនាញសុខាភិបាលបានប្រាប់ ឲ្យលោកដាក់លិខិតស្នើរធ្វើប្លង់មន្ទីរពេទ្យ ស្រាប់តែបិតប្រកាសប្លង់ធំចេញមក ឃើញខ្វៀលដីមន្ទីរពេទ្យទុកចំនួន៣ប្លង់រួចជាស្រេច ដោយដាក់ថាដីគ្មានទិន្នន័យ ធ្វើឲ្យបាត់ដីរបស់មន្ទីរពេទ្យរដ្ឋ ដូច្នេះលោកបានបដិសេធមិនព្រមធ្វើប្លង់ធំនោះឡើយ ព្រោះវាបាត់ដីបែបនេះ ហើយក៏មិនដឹងថាគេវាស់ តាំងពីពេលណាដែរ។

តាមប្រភពសម្ងាត់មួយបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នគេកំពុងសង្ស័យការិយាល័យស្រុកប្រតិបត្តិកំពត និងមន្ទីរសុខាភិបាល ជាអ្នកជួយសម្រួលរៀបចំកាត់ដី របស់មន្ទីរពេទ្យរដ្ឋមួយចំណែកឲ្យទៅបុគ្គលឯកជន ព្រោះថាប្រធានស្រុកប្រតិបត្តិកំពត និងប្រធានមន្ទីរសុខាភិបាល មានទំនាក់ទំនងគ្នាយ៉ាងជិតស្និតបំផុត។ ម្យ៉ាងទៀតបើតាមការប្រាប់ឲ្យដឹងរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាពលរដ្ឋបាននិយាយថា អ្នកដែលបានរស់នៅលើដីមន្ទីរពេទ្យរដ្ឋ ក្រាញ់ននៀលមិនព្រមចេញ ហើយចង់បានប្លង់កម្មសិទ្ធិទៀតនោះ គឺជាអតីតក្រុមគ្រួសារពេទ្យ និងមាន១គ្រួសារគឺជាប្រធានមណ្ឌលសុខភាព ត្រូវជាកូនចៅរបស់លោក ខឹម តាន់ ប្រធានការិយាល័យស្រុកប្រតិបត្តិកំពត និងមានប្តី ឈ្មោះ សុខ រតនា ជាមន្ត្រីជំនាញសុរិយោដីទៀតផង។ បើតាមប្រភពពីមន្ត្រីសុខាភិបាល១រូប ដែលសុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបថា ពលរដ្ឋទាំង៣គ្រួសារដែលរស់នៅលើដីរដ្ឋខាងលើ ខាងមន្ទីរជំនាញបានដោះដូរដីនៅម្តុំសាលាពេទ្យភូមិភាគ ជូនពួកគាត់ម្តងរួចមកហើយ កាលពីអតីតលោកប្រធានមន្ទីរសុខាភិបាលចាស់ តែពេលឡើងប្រធានមន្ទីរថ្មី ពួកគាត់មិនព្រមចេញនោះឡើយ រហូតមកដល់សព្វថ្ងៃនេះ។ តាមប្រភពផ្សេងទៀតពីអ្នកបម្រើការក្នុងមន្ទីពេទ្យ បាននិយាយស្រដៀងគ្នាថា កន្លងមកម្ចាស់ផ្ទះដែលបានរស់នៅក្នុងបរិវេនរបងមន្ទីរពេទ្យខាងលើ តែងតែបានលួចរំកិលព្រំប្រទល់ពង្រីកដីម្តងបន្តិចៗ ព្រមទាំងមានអ្នកលួចក្រៀវដើមឈើឲ្យងាប់ ដែលមន្ទីរពេទ្យជាអ្នកដាំនៅជិតព្រំប្រទល់ទាំងនោះទៀតផង រហូតដល់ខាងមន្ទីរពេទ្យពិបាកទប់ស្កាត់ពេក ក៏សម្រេចចាក់គ្រិះរបងថ្មដើម្បីបញ្ឈប់ការលួចរំកិល។

ទាក់ទងនឹងបញ្ហាដែលលេចធ្លាយថា ដីរបស់មន្ទីពេទ្យរដ្ឋប្រុងធ្លាក់លើដៃឯកជនមួយចំណែកដោយស្ងាត់ៗបែបនេះ លោក ខឹម តាន់ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពត បានថ្លែងដោយទទួលស្គាល់ថា ប្រធានមណ្ឌលសុខភាព ដែលរស់នៅលើដីមន្ទីរពេទ្យបង្អែកនោះ គឺពិតជាកូនចៅរបស់លោកមែន តែលោកបានបញ្ជាក់ថាលោកគ្មានអំណាចអ្វី អាចជួយសម្របសម្រួលឲ្យកូនចៅរបស់លោកយកដីរបស់រដ្ឋឡើយ លោកថានេះដោយសារតែគេរស់នៅយូមកហើយ។

ពាក់ព័ន្ធរឿងទាំងអស់នេះលោក បេន សំណាង ប្រធានការិយាល័យភូមិបាលក្រុងកំពត បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីចំនួន៣ប្លង់ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ពិតជាមានអ្នកវាស់វែងទុកឲ្យឯកជន ពិតប្រាកដមែន។ លោកបានបញ្ជាក់ថាករណីនេះក៏ព្រោះតែមានការស្នើរសុំតាមរយៈមន្ទីរសុខាភិបាល ឆ្លងទៅកាន់អភិបាលខេត្ត និងក្រសួងសេដ្ឋកិច្ច រហូតដល់សម្តេចតេជោ ហ៊ុន សែន។ ក៏ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានសេចក្តីសម្រេចណាមួយនៅឡើយ ហើយលោកក៏មិនទាន់បានស៊ីញេប្លង់ទាំងនោះឲ្យដែរ។

ទាងទងករណីមានការសង្ស័យថា មន្ទីរសុខាភិបាលជាអ្នកជួយរៀបចំសម្រួលកាត់យកដីមន្ទីរពេទ្យនេះ លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានមានប្រសាសប្រាប់អ្នកសារព័ត៌មានយើងថា ករណីនេះពុំមានពាក់ព័ន្ធនឹងមន្ទីរ ឡើយ ដោយសារពួកគាត់បានរស់នៅយូ ពួកគាត់បានស្នើរសុំដោយខ្លួនឯង។ ហើយចំពោះរឿងដែលមានការនិយាយថា រដ្ឋបានដោះដូរដីជូនពលរដ្ឋ៣គ្រួសារខាងលើ ដើម្បីឲ្យគាត់ចេញពីមន្ទីរពេទ្យ គឺជារឿងដែលធ្លាប់បានលឺដូច្នេះមែន តែមិនមានឯកសារបញ្ជាក់ទេ។

គួរបញ្ជាក់ថា សំណុំឯកសារដែលស្នើរសុំយកដីរបស់រដ្ឋមកឲ្យឯកជននេះ ត្រូវបានគេដឹងថាធ្វើឡើង តាំងពីអំឡុងពេលឯកឧត្តម ចាន់ ចេស្តា អតីតជាអភិបាលខេត្តកំពតមកម្លេះ ហើយឯកសារទាំងនោះត្រូវបានគេដឹងថា មានការជំទាស់ពីក្រុមគ្រូពេទ្យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនដែរ តែការស្នើរសុំនេះនៅតែធ្វើបានដោយរលូន។ បើទោះបីជាមានលិខិតស្នើរសុំធ្វើអនុប្រយោគដីរបស់រដ្ឋឲ្យទៅជាដីឯកជនក៏ដោយ បច្ចុប្បន្ននេះមានតែលិខិតស្នើរសុំតែប៉ុណ្ណោះ មិនទាន់មានការអនុញាតិជាច្បាប់ណាមួយឡើយ តែបែរជាគេសង្កេតឃើញថា មានអ្នកលួចវាស់វែងកាត់ដីទុក និងបានរៀបឯកសាររួចជាស្រេច ដោយមិនឲ្យខាងមន្ទីរពេទ្យបានដឹងអ្វីសូម្បីបន្តិចសោះឡើយ ហើយថែមទាំងរំលោភលើប្លង់ចាស់របស់មន្ទីរពេទ្យ ថែមទៀត។ សូមបញ្ជាក់ថាពលរដ្ឋ ក៏ដូចជាក្រុមគ្រូពេទ្យមិនមានចេតនាចង់បណ្តេញពួកគាត់ទាំង៣គ្រួសារ ខាងលើនេះឡើយ។ តែចង់ឲ្យជំនាញរក្សាដីទាំងនោះទុកក្រោមការគ្រប់គ្រងរបស់មន្ទីរពេទ្យ ដើម្បីបម្រើដល់ការចាំបាច់នាពេលអនាគត ក្នុងរយះពេល៥ ទៅ១០ឆ្នាំទៀត ច្បាស់ជាមន្ទីរពេទ្យត្រូវការដីទាំងនោះ ដើម្បីអភិវឌ្ឍន៍បន្ថែមជាមិនខាន បើសិនដីនេះមានប័ណ្ណកម្មសិទ្ធិឯកជននោះ ច្បាប់មិនអាចធ្វើអ្វីពួកគាត់បានឡើយ។ ម្យ៉ាងទៀតបើសិនមានការអនុញ្ញាតិពីថ្នាក់ដឹកនាំ ចាំនាំគ្នារៀបចំវាស់វែងធ្វើប្លង់ក៏មិនយឺតពេលដែរ មិនមែនលួចកាត់ដីទុកដោយស្ងាត់ៗបែបនេះឡើយ អ្វីគ្រប់យ៉ាងត្រូវគិតដល់ថ្ងៃអនាគត និងប្រយោជន៍រួម មិនមែនប្រយោជន៍បុគ្គលនោះឡើយ៕