(សេអ៊ូល)៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KCDC) បាននិយាយថា នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ នេះករណីឆ្លង COVID-19 ថ្មីៗចំនួន ១០៣ករណីបន្ថែមទៀតត្រូវបានកត់ត្រា ដោយក្នុងនោះមាន ៨៥ករណី ឆ្លងក្នុងស្រុក ដែលជាអត្រាឆ្លងក្នុងស្រុកខ្ពស់បំផុត គិតចាប់តាំងពីចុងខែមីនា។

បើតាម KDCD បានឲ្យដឹងទៀតថា ករណីឆ្លង COVID-19 ថ្មីៗនេះ បានធ្វើឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ១៤,៨៧៣ករណី ក្នុងនោះអ្នកស្លាប់មានចំនួន  ៣០៥នាក់ និងជាសះស្បើយចំនួន ១៣,៨៦៣នាក់។

គួរបញ្ជាក់ ប្រទេសកូរ៉េខាងត្បូងធ្លាប់បានស៊ូទ្រាំ  ទៅនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា (COVID-19) ដំបូងបំផុតបន្ទាប់ពីប្រទេសចិន ប៉ុន្តែត្រូវបានស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ  ដោយមានការតាមដាន, ធ្វើតេស្ត  និង ព្យាបាលល្អិតល្អន់បំផុត  ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង មិនដែលចេញបញ្ជាឲ្យបិទប្រទេសឡើយ៕