(កណ្ដាល)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល បានសហការជាមួយ និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យទំនិញ ដាក់តាំងលក់នៅផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ដ្រីជំនាញ បានត្រួតពិនិត្យសុវត្ថិភាពផលិតផល ម្ហូបអាហាររួមមាន៖ គ្រឿងកំប៉ុង គ្រឿងសមុទ្រ បន្លែ សណ្តែកបណ្តុះ ខ្ញីហាន់ គល់ស្លឹកគ្រៃជ្រក់ស្ពៃ ជ្រក់ត្រសក់ ប្រហិតសាច់គោ ប្រហិតគ្រឿង ត្រីងៀត សាច់ក្រក គុយទាវ មីលឿង ពពុះសណ្តែក បាញ់កាញ់ នំកញ្ចប់ តំណាប់ផ្លែឈើ និងគ្រឿងឧបភោគបរិភោគ។

ជាមួយគ្នានោះ មន្ដ្រីបានធ្វើតេស្តបឋមលើពពុះសណ្តែក ត្រីងៀត សាច់ក្រក ជ្រក់ស្ពៃ ជ្រក់ត្រសក់ បង្គា និងមឹក។ លទ្ធផល មន្រ្តីជំនាញពុំបានរកឃើញ ភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលទាំងនោះឡើយ។

ក្នុងឱកាសនោះ មន្រ្តីសាខា ក.ប.ប. ក៏បានណែនាំ និងបានផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារ ដែលមានសុវត្ថិភាពជូនដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ៕