ឥណ្ឌានឹងយកឈ្នះវីរុសនេះឲ្យបាន វ៉ាក់សាំង COVID-19 ចំនួន៣ប្រភេទកំពុងស្ថិតក្នុងការធ្វើតេស្ត……….!

443

(ញូដេលី)៖ បើតាមការចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ ប្រទេសឥណ្ឌាដែល កំពុងរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជំងឺ COVID-19 នោះ ក៏ជាប្រទេសដែលមាន ភាពលេចធ្លោមួយ ផងដែរ ក្នុងការខ្នះខ្នែងអភិវឌ្ឍវ៉ាក់សាំង ប្រឆាំងវីរុសដែលបង្កជំងឺនេះឡើង។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃសៅរ៍នេះបានប្រកាសថា វ៉ាក់សាំង COVID-19 ចំនួន ០៣ប្រភេទ កំពុងស្ថិតនៅ ក្នុងការសាកល្បង នៅក្នុងតំណាក់កាលប្លែកៗពីគ្នា។

នៅក្នុងឱកាសនៃការប្រារព្ធទិវាជាតិដ៏សំខាន់មួយ លោក ម៉ូឌី បានលើកឡើងថា «ផែនទីចង្អុលផ្លូវរបស់យើង គឺការនាំយកវ៉ាក់សាំងប្រឆាំង COVID-19 ទៅជូនដល់ដៃប្រជាជនឥណ្ឌាគ្រប់គ្នា នៅក្នុងពេលឆាប់បំផុត តាមដែលទៅរួច»។ នាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង នៅក្នុងអាណត្តិទី ២ រូបនេះបានអះអាងទៀតថា ប្រទេសឥណ្ឌាដែលមានម្ចាស់ការលើខ្លួនឯង គឺត្រូវការពេលតែបន្តិចទៀតប៉ុណ្ណោះ ដើម្បីធ្វើឲ្យការផលិតវ៉ាក់សាំង ចេញជាលទ្ធផលជាក់ស្តែង។

បន្ថែមពីខាងលើនេះ លោក ណារិនដ្រា ម៉ូឌី កំពុងតែរៀបចំប័ណ្ណសុខភាព ដើម្បីចែកជូនប្រជាជនទាំងអស់ ជាពិសេស អ្នករស់នៅតាមតំបន់ឆ្ងាយៗ ដើម្បីឲ្យវ៉ាក់សាំងត្រូវបានចែកចាយ ទៅគ្រប់ទិសទីទាំងអស់ទូទាំងប្រទេស និងទៅដល់ ប្រជាជនឥណ្ឌាគ្រប់គ្នា ក្នុងករណីដែលវាត្រូវបានអភិវឌ្ឍជោគជ័យ។ ទោះជាបែបនេះក្តី លោក ម៉ូឌី មិនបានបញ្ជាក់ថា តើដំណើរការនៃធ្វើតេស្តនោះ មានលក្ខណៈបែបណា ឬឈានដល់ចំណុចណាឲ្យប្រាកដឡើយ ដោយគ្រាន់តែលោក បានបង្ហាញក្តីជឿជាក់ថា ឥណ្ឌាប្រឹងនឹងយកឈ្នះវីរុសកូរ៉ូណានេះឲ្យបាន។

គួរបញ្ជាក់ថា ឥណ្ឌាក្នុងនាមជាប្រទេសកំពុងរងគ្រោះ ធ្ងន់ធ្ងរបំផុតដោយសារតែ COVID-19 នៅទ្វីបអាស៊ី និងលំដាប់ លេខ ៣ នៅលើពិភពលោកនោះ គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា នេះមានករណីឆ្លងសរុបជាង ២.៥លានករណី ក្នុងនោះអ្នកស្លាប់មានជាង ៤៩,០០០នាក់ និងជាសះស្បើយវិញជាង ១.៨លាននាក់៕