Messi ឈ្នះស្បែកជើងមាសជាលើកទី៣ជាប់ៗគ្នា ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើន

596

ខ្សែប្រយុទ្ធ Lionel Messi ប្រធានក្រុម Barcelona បានទទួលស្បែកជើងមាសជាលើកទី៦របស់គេ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងក្របខ័ណ្ឌលីករបស់អឺរ៉ុប កាលពីថ្ងៃពុធ។ Messi បានឈ្នះពានរង្វាន់នេះជាលើកទី៣ជាប់ៗគ្នា ក្រោយពីបានស៊ុតបាល់បញ្ចូលទី៣៦គ្រាប់ ដោយច្រើនជាងគូប្រជែងដ៏កៀកបំផុតរបស់ខ្លួនគឺ Kylian Mbappe របស់ក្លិប Paris Saint-Germain ចំនួន៣គ្រាប់។

Thiago និង Mateo ដែលជាកូនប្រុសទាំង២របស់ Messi បានប្រគល់ពានដល់ឪពុករបស់ខ្លួន ក្រោមការណែនាំពីភរិយារបស់គេគឺនាង Antonella Rocuzzo ពីមុខមិត្តរួមក្រុមរបស់ខ្លួន ក្នុងនោះរាប់បញ្ចូលទាំង Luis Suarez និង Jordi Alba ផងដែរ។ Messi បានឧទ្ទិសពានរង្វាន់នេះដល់ «ក្រុមគ្រួសារ និងសហការី របស់ខ្ញុំទាំងអស់ ដែលនៅទីនេះ។

មិត្តរួមរបស់ខ្ញុំទាំង Luis និង Jordi សុទ្ធសឹងបានចូលរួមជួយឲ្យឈ្នះពានរង្វាន់នេះ»។ Messi បានបន្ថែមទៀតថា៖ «ប្រសិនបើគ្មានក្រុមរបស់ខ្ញុំទេ ខ្ញុំមិនអាចឈ្នះពានរង្វាន់នេះសូម្បីតែ១លើក»។ បច្ចុប្បន្ន Messi បានឈ្នះពានស្បែកជើងមាសច្រើនជាងគូប្រជែងរបស់គេគឺ Cristiano Ronaldo ចំនួន២។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ដែលនៅពេលនោះ Eusebio ជាអ្នកឈ្នះពានដំបូងគេ៕