ព្រះសីហនុ៖ ភ្ញៀវទេសចរណ៍សរុបប្រមាណ ៦៧,១២៦នាក់ មានការកើនឡើងជាង ៩០% ដោយភ្ញៀវទេសចរណ៍ បានបន្តសំរុកមកកំសាន្តនៅខេត្តព្រះសីហនុ បើទោះបីជា ផ្ទះសំណាក់សណ្ឋាគារ នៅពុំទាន់បំពេញសេចក្តីត្រូវការបាន១០០%យ៉ាងណាក្តី នេះបើយោងតាមទូរលេខពីមន្ទីរទេសចរណ៍នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២០ នេះ។ លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ដែលលោកបានខិតខំកសាងនូវហេដ្ឋារចនានសម្ព័ន្ឋនា នា ជាពិសេសឯកឧត្តម បានរំដោះនូវឆ្នេរសមុទ្ររាប់ពាន់ម៉ែត្រ ដើម្បីទុកជាប្រយោជន៍រួម ទើបនៅថ្ងៃឈប់សំរាកក្នុងខែសីហា ឆ្នាំ២០២០ នេះភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ បានងាកមកកំសាន្តនៅខេត្តព្រះសីហនុ វិញជាហេតុធ្វើឲ្យទូរលេខនៃភ្ញៀវទេសចរេណ៍មានការកើនឡើងខ្ពស់ បន្ទាប់ពីភ្ញៀវទេសចរជាតិផ្អាកដំណើរកំសាន្តមកកាន់ខេត្តព្រះសីហនុ មួយរយៈពេលខ្លី។ លោក តាំងសុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៏សង្កត់ធ្ងន់ថា មន្ទីរទេសចរណ៍បានពិនិត្យឃើញថា បញ្ហាតម្លៃម្ហូបអាហារភាគច្រើនអាជីវករ បានដាក់បង្ហាញតំលៃជូនភ្ញៀវ ប៉ុន្តែចំពោះសេវាស្នាក់នៅជាពិសេសផ្ទះសំណាក់ទោះបីជាមន្ទីរទេសចរណ៍ បានសហការជាមួយក្រសួងទេសចរណ៍រដ្ឋបាលខេត្តផ្សព្វផ្សាយណែនាំ មន្ទីរបានចុះធ្វើកំណត់ហេតុណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងត្រូវតែដាក់បង្ហាញតម្លៃអោយភ្ញៀវបានដឹង តែមានផ្ទះសំណាក់តែប្រមាណ ៣០%ប៉ុណ្ណោះដាក់បង្ហាញតម្លៃ ហើយបន្ទប់ផ្ទះសំណាក់នៅតែកើនតម្លៃខ្ពស់។ បញ្ហាបរិស្ថាន និងអនាម័យសាធារណៈក្នុងឱកាសឈប់សំរាកនេះឃើញថា បងប្អូនមានការយល់ខ្ពស់។ ឆ្លើយតបទៅនឹងការរៀបចំយ៉ាងល្អ របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើអោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ បានចូលរួមអបអរសាទរសប្បាយ រីករាយយ៉ាងច្រើនកុះករ ទោះបីជាមានបញ្ហាត្អូញត្អែលើការឡើងថ្លៃសេវាស្នាក់នៅ ហូបចុក និងសេវាកម្មខ្លះៗក៏ដោយ។ ពាក់ព័ន្ឋទៅនឹងសន្តិសុខសុវត្តិភាពលើផ្ទៃសមុទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២០ នេះផងដែរ លោកវរៈសេនីយ៍ទោ ឌឹម សំបូ អនុប្រធានអង្គភាពបង្ក្រាបលើផ្ទៃសមុទ្រ បានបញ្ញាក់ថា ក្នុងឱកាសឈប់សំរាក ចាប់ពីថ្ងៃទី១៧ សីហា ឆ្នាំ២០២០នេះ រយៈពេល ៤ថ្ងៃ នេះសំរាប់ខេត្តព្រះសីហនុ ពុំមានបញ្ហាអ្វីនោះទេ ព្រោះទាំងលើផ្ទៃទឹក និង ដែនគោក សមត្ថកិច្ចចំរុះបានធ្វើការល្បាតយ៉ាងយកចិត្តទុកដាក់បំផុត។

សូមបញ្ជាក់ដែរថា ស្ថិតិភ្ញៀវទេសចរណ៍ក្នុងរយៈពេល ០៣ថ្ងៃ ដែលមកសម្រាកកម្សាន្តក្នុងឱកាស សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងនៅខេត្តព្រះសីហនុ រយៈពេល ០៣ថ្ងៃ (១៧-១៩ ខែ សីហា ឆ្នាំ២០២០) មានភ្ញៀវទេសចរណ៍សរុប ៦៧,១២៦នាក់ ក្នុងនោះ -ភ្ញៀវជាតិប្រមាណ ៦៣,៩២៣នាក់ ស្មើនឹង៩៥,២២% -ភ្ញៀវអន្តរជាតិ ៣,២០៣នាក់ ស្មើនឹង៤,៧៨%។ +ភ្ញៀវតាមព្រលានយន្តហោះ មាន ០២ជើង មានភ្ញៀវសរុប ២៥៧នាក់ ជាតិ ០០នាក់ និងភ្ញៀវអន្តរជាតិ ២៥៧នាក់ ភាគច្រើនចិន។ +ទេសចរណ៍តាមបណ្តាកោះនានាសរុបប្រមាណ ២,៦៨០នាក់ -ភ្ញៀវជាតិប្រមាណ ១,៩៣៦នាក់ ស្មើនឹង៧២,២៣% -ភ្ញៀវអន្តរជាតិប្រមាណ៧៤៤នាក់ ស្មើនឹង២៧,៧៧%។ +ភ្ញៀវតមរណីយដ្ឋាននានាក្នុងខេត្តសរុប១២,០០០នាក់ កើនឡើង៩៨,៨០% -ភ្ញៀវជាតិ ១១,៣៧៣នាក់ ស្មើនឹង៩៤,៧៧% -ភ្ញៀវអន្តរជាតិ ៦២៧នាក់ ស្មើនឹង៥,២៣%ង។ +ភ្ញៀវតាមបណ្តាឆ្នេរនានាសរុប ៥១,២៥៥ នាក់ ក្នុងនោះ -ភ្ញៀវជាតិ ៥០,៣៤៤នាក់ ស្មើនឹង៩៨,២២% -និងភ្ញៀវអន្តរជាតិ ៩១១នាក់ ស្មើនឹង ១,៧៨%។

ដោយ៖ វុន សុខជា