(ក្រចេះ)៖ អាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ និងវត្ថុតាងរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយពីកម្លាំងអាវុធហត្ថបានឃាត់ខ្លួន ជនសង្ស័យធ្វើការសួរនាំរួច។

យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាន សម្បិត្ត អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកប្រាំ ឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកសារព័ត៌មានករណីហិង្សាដោយចេតនា។

តាមរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ឃាន សម្បិត្ត នៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ បានធ្វើការដឹកជញ្ជូនឈើក្រហម (ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃពីចំណុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពងចាម។ លុះដល់វេលាម៉ោងប្រហែល ៤៖៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែសីហា ពេលឡានដឹកឈើឈ្មោះ ឃាន សម្បិត្ត បានបើកដល់ចំណុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម ក៏បានជួបរថយន្ដក្រុមអ្នកសារព័ត៌មានចំនួន ២រថយន្ដ ធ្វើការបើកបិទផ្លូវ មិនឲ្យរថយន្ដដឹកឈើធ្វើដំណើរ ក៏មានការប៉ះទង្គិចគ្នាតែម្ដង។

ខណៈនោះដែរស្រាប់តែឈ្មោះ ឃាន សម្បិត្ត បានបើករថយន្ដ ម៉ាកលុចស៉ីស៤៧០ ពណ៌ត្រេអី ពាក់ស្លាកលេខ ខ.ម ហើយទៅប្រតាយប្រតប់គ្នាជាមួយឈ្មោះ ម៉ូវ សុខឌីម ជាអ្នកសារព័ត៌មាន ដើម្បីកុំឲ្យថតសកម្មភាពទាំងនេះ ក៏បង្កើតករណីហិង្សាស្រាលទៅវិញទៅមក និងមានរបួសរៀងខ្លួនបន្តិចបន្តួច។       ​   តាមរបាយការណ៍ អាវុធហត្ថបញ្ជាក់បន្ថែមទៀតថា ក្រោយពីស្រាវជ្រាវ ជុំវិញរឿងហេតុខាងលើកំណត់ថា ឈ្មោះ ឃាន សម្បិត្ត បានប្រព្រឹត្តចំនួន ៣ករណី រួមមាន៖

*ករណីដឹកជញ្ជូនឈើ ដោយខុសច្បាប់
*ករណីហិង្សាស្រាល
*ករណីក្លែងឯកសារសារធារណៈ (រថយន្ដស្លាកលេខ ខម)៕