ភ្នំ​ពេ​ញ ៖ មន្ត្រី​បរិស្ថាន​របស់​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៧ ខែតុលា​នេះ ​បាន​ចាប់​ផាកពិន័យ​អ្នកយក​សំរាម​ទៅ​ចោល​មុខ​របង​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ហៅ​ស្ទឹងមានជ័យ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​។
មន្ត្រីបរិស្ថានប្រចាំសង្កាត់ស្ទឹងមានជ័យ លោក អ៊ីម សេរី​រតនា​ បានឲ្យដឹងថា អ្នក​យក​សំរាម​ទៅចោល​លេីទីសាធារណៈម្នាក់ ដោយផ្ទុកសំរាមដាក់លើរទេះរុញ រួចយកមកចោលនៅមុខ​វត្តស្ទឹងមានជ័យ ហើយត្រូវបានមន្ត្រីបរិស្ថានចាប់យកមកអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងផាកពិន័យ មានឈ្មោះ លឹម ង៉ែត ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​ស្នាក់នៅ​ភូមិ​មានជ័យ ​សង្កាត់ស្ទឹងមានជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

មន្ត្រី​បរិស្ថាន​ដដែល​បាន​បន្តថា​ នៅក្នុងលិខិតកិច្ចសន្យាគឺបានសរសេរថា ទី​១ ឈប់​យក​សំរាម​មក​បោះចោល​នៅ​ទី​សា​ធារ​ណៈ។​ ទី​២ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ទុកដាក់​លើ​រថយន្ត​ដឹក​សំរាម​ពេល​រថយន្ត​មកដល់​។​ ទី​៣ ស្តាប់​តាម​ការណែនាំ​របស់​មន្ត្រី​បរិស្ថាន​សង្កាត់​ស្តីពី​ការគ្រប់គ្រង​សំរាម។ ​ទី​៤​ ដោយទទួលបានការណែនាំលើកទី១ខ្ញុំបាទយល់ព្រម​ទទួល​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​២០,០០០​រៀល​។​ ទី​៥​ សូមសន្យាឈប់យកសំរាមមកចោលនៅទីសាធា​រណៈជា​លើក​ទី​២​ទៀត​។​ ទី៦ បើសិនមានជាលើកទី២ នឹងព្រមទទួលការពិន័យរបស់ភ្នាក់ងារបរិស្ថាន​។​

ចំពោះ​ការ​ផាក​ពិន័យ​និង​ចាប់​អ្នក​បោះ​សំរាម​ចោល​តាម​ផ្លូវ​សា​ធា​រណៈ​បែបនេះ​ ធ្វើ​ឲ្យប្រជាពលរដ្ឋ​នាំគ្នា​គាំទ្រ​ ព្រោះ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ខ្លះ​លោក​មិន​ព្រម​ចូល​ថែរក្សា​អនាម័យ​បរិស្ថាន​ឡើយ​តួ​យ៉ាង​ដូច​បុគ្គល​ខាងលើនេះ​។ទាក់ទិន​ទៅ​នឹង​ការ​ដាក់​រឹត​បន្តឹង​អ្នក​ចោល​សំរាម​បែបនេះ​ យយេីងសង្កេតឃើញថា អាជ្ញាធរខណ្ឌមានជ័យ បានដាក់ផែនការដល់មន្ត្រីតាមបណ្តាសង្កាត់​ ត្រូវចុះណែនាំ និងផាកពិន័យអ្នកចោលសំរាមតាមទីសាធារណៈ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ថែរក្សា​បរិស្ថាន។ ប៉ុន្តែភាគច្រេីនត្រឹមតែពន្យល់ណែនាំកន្លងមកគឺ ពួកគាត់មិនព្រមស្តាប់នោះទេ ទាល់តែ​ចាប់ផាកពិន័យ​បែបនេះ​ទើប​គាត់​រាងចាល​៕