ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ  រួមដំណើរដោយ ឯកឧត្តម  លោកជំទាវ អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និងម្ចាស់ក្រុមហ៊ុន សហគ្រាស ជាច្រើនអ្នក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម  ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន០៤គ្រួសារ រស់នៅភូមិ ៣ សង្កាត់ ៣ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន ២គ្រួសាររងគ្រោះទាំងស្រុង ០១គ្រួសាររងគ្រោះឆេះមួយជំហៀងផ្ទះ និង០១គ្រួសាររងគ្រោះឆេះជញ្ជាំងមួយជំហៀង។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណះកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ក្រោយពីមានករណីអគ្គីភ័យដែលទទួលរងគ្រោះនៅថ្ងៃនេះ ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ នៅអគ្គិភ័យកើតឡើងជាយុទ្ធហេតុ ដែលបណ្ដាលឱ្យបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូន។    ឯកឧត្តមក៏បានក្រើនរំលឹកសុំឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការផាកពិន័យ ។ ឆ្លៀតពេលនោះដែល ឯកឧត្តមបានធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ទឹកស៊ីអ៊ីវ ១យួ កន្ទេល ១  តង់ ១  អាវយឺត ០៥ ទឹកសុទ្ធ ១កេះ ម៉ាស់ ៥០ម៉ាស ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) ចំណែកថវិកាពីរគ្រួសាររងគ្រោះធ្ងន់ថវិកា ១លានរៀលក្នុងមួយគ្រួសារ គ្រសាររងគ្រោះមធ្យម ៥០ម៉ឺនរៀល និងគ្រួសាររងគ្រោះស្រាល ៣០ម៉ឺនរៀល។ ក្នុងនោះដែរសប្បុរសជនម្ចាស់ក្រុមហ៊ុន សហគ្រាសជនជាតិចិនចូលរួមចំណែករំលែកទុក្ខដល់ជនរងគ្រោះមាន៖ លោក តុងជា វែយាវផុន ជូនថវិកាមួយគ្រួសារ ២០ម៉ឺនរៀល  ក្រុមហ៊ុនទឹកសុទ្ធកាយឈានសានឈានជូនទឹកសុទ្ធមួយគ្រួសារ ២៥យួរ  ក្រុមហ៊ុនពន្លត់អគ្គីភ័យSHENG LI FEIជូនថវិកាមួយគ្រួសារ ១០០ដុល្លានិងទឹកភេសជ្ជៈ១កេះ  សមាជិកសហព័ន្ធពាណិជ្ជករចិនជូនថវិកាមួយគ្រួសារ ១លានរៀល  ក្រុមហ៊ុនអចលនទ្រព្យ ចុង យានជូនថវិកាមួយគ្រួសារ ១០០ដុល្លា ៕