ភ្នំពេញ ៖ សាកសពឪពុក និងកូន៤នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ជួល ខណៈប្រពន្ធចេញទៅធ្វើការរោងចក្រ ដែលគេសង្ស័យឪពុកច្របាច់.កសម្លាប់កូនស្រីទាំង ៣នាក់ ទើបចង.ក សម្លាប់ខ្លួនជាក្រោយ ដោយសារមានវិបត្តិគ្រួសារ។ ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

សពជនរងគ្រោះ ទី១-ឈ្មោះ ជុំ ម៉េងជូ ភេទស្រី អាយុ១៦ឆ្នាំ  ជាកូនស្រីទី១ ស្លាប់ដោយសារច្របាច់.ក ។ ទី២ -ឈ្មោះ ជុំ ម៉េងចិន ភេទស្រី អាយុ៥ឆ្នាំ ជាកូនស្រីទី២ ស្លាប់ដោយច្របាច់.ក ។ ទី៣-ឈ្មោះ ជុំ ម៉េងចៀន ភេទស្រី អាយុ ៤ឆ្នាំ ជាកូនស្រីពៅ ស្លាប់ដោយច្របាច់.ក។ និងទី៤-ឈ្មោះ ជា សុខជុំ ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតនៅភូមិគោកគង់កណ្តាល ឃុំគោកគង់លិច ស្រុកកញ្ជៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់កើតហេតុខាងលើ ស្លាប់ដោយការចង.ក សម្លាប់ខ្លួន ត្រូវជាឪពុកបង្កើតក្មេងស្រីទាំង៣នាក់ ។

តាមការបំភ្លឺពីឈ្មោះ ឌឹប សុខនាថ ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធ និងម្តាយបង្កើតជនរងគ្រោះបានអោយដឹងថា ប្តីនាងខ្ញុំធ្លាប់បាននិយាយប្រាប់នាងខ្ញុំថា នឹងសម្លាប់កូនស្រីចោលអោយអស់ តែខ្ញុំមិនចាប់អារម្មណ៍ស្មានតែគាត់និយាយលេង ហើយនៅព្រឹកថ្ងៃទី២៦ សីហា ២០២០ រូបគាត់បានចេញទៅធ្វើការនៅរោងចក្រ ឯប្តីនាងខ្ញុំបានចេញទៅរត់កងបីដូចសព្វដង ។

ស្ត្រីជាប្រពន្ធបន្តថា នៅម៉ោងដឹងកើតហេតុខាងលើ គាត់បានមកដល់បន្ទប់ជួលឃើញកង់បីប្តីនៅមុខបន្ទប់ ហើយទ្វារបន្ទប់បិទដាក់ថ្ពក់សោពីក្នុង គាត់ក៏បានស្រែកហៅកូនស្រីទាំង ៣នាក់ តែមិនមានសំឡេងតប គាត់ក៏បានស្រែកហៅប្តី តែនៅតែមិនមានសំឡេងតបទៀត ទើបនាងក៏បានរុញទ្វារខ្លាំងៗរហូតរបើកចូលទៅក្នុងឃើញប្តីនាង ចង.ក ដោយក្រមាជាប់នឹងចម្រឹងបង្កាន់ដៃឡៅតឿ នាងក៏បានស្រែកហៅប្អូនថ្លៃឈ្មោះ ជា ស្រីនាង ដែលនៅជាប់បន្ទប់រួចបានយកកន្ត្រៃមកកាត់ខ្សែទម្លាក់ប្តីចុះមកក្រោម ទើបដឹងថា ប្តីនាងស្លាប់បាត់ហើយ រួចនាងក៏បានមើលទៅលើពូកឃើញកូនស្រី២នាក់ឈ្មោះ ម៉េងចិន និងម៉េងចៀន ដេកនៅលើពូក និងបានទៅអង្រួនទើបដឹងថាស្លាប់ រួចនាងបានឡើងទៅលើឡៅតឿ ឃើញកូនស្រីនាង ឈ្មោះ ម៉េងជូ ដេកផ្ងារនាងក៏បានទៅអង្រួន ទើបដឹងថា កូនស្រីនាង និងប្តីស្លាប់អស់ហើយ។

ស្រ្តីជាប្រពន្ធបញ្ជាក់ថា នាង និងប្ដីបានសាងគ្រួសារ រស់នៅជាមួយគ្នា អស់រយ:ពេលជាង ២០ឆ្នាំមកហើយ ដោយបង្កើតបានកូនស្រី ៣នាក់ (ក្មេងស្រីរងគ្រោះខាងលើ) ។ តែរយ:ពេលប្រហែល ៥ឆ្នាំ ចុងក្រោយនេះ ជីវិតគ្រួសារគាត់រស់នៅមិនសូវចុះសម្រុងគ្នាទេ ពោលគឺក្នុងគ្រួសារមានតែរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ ព្រោះប្ដីគាត់ប្រចណ្ឌ ហើយប្ដី ក៏ធ្លាប់គំរាមច្រើនសាផងដែរថា (ប្រយ័ត្នអញសម្លាប់ចោលមួយពូជ) លុះថ្ងៃកើតហេតុ ស្រាប់តែកើតមានរឿងរន្ធត់បែបនេះតែម្តង។

តាមការបំភ្លឺពីឈ្មោះ ជា ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្ញុំឃើញបងប្រុសខ្ញុំជិះកង់បីចេញចូលៗបន្ទប់ជួលធម្មតា ហើយនៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នាងឮសំឡេងក្មួយស្រីនាងឈ្មោះ ម៉េងចិន និងម៉េងចៀន ប្រលែងគ្នាសើចធម្មតា ។ បន្តិចក្រោយមក ក៏លែងលឺរហូតដល់ម៉ោងដឹងកើតហេតុខាងលើ បងថ្លៃខ្ញុំបានមកពីធ្វើការ រួចលឺសំឡេងគាត់ស្រែកហៅកូនស្រីគាត់ទាំង៣នាក់ និងប្តីគាត់ឲ្យបើកទ្វារបន្ទប់រួចក៏លឺសំឡេងរុញទ្វារគ្រាំង បន្តិចក្រោយមកបងថ្លៃខ្ញុំបានស្រែកផ្អើលឆោឡោ នាងខ្ញុំក៏ស្ទុះទៅមើល ឃើញបងប្រុសនាងខ្ញុំចងក ហើយពួកខ្ញុំក៏បានកាត់ខ្សែចំណងទម្លាក់ចុះមកក្រោម តែស្លាប់បាត់ហើយ ។

សមត្ថកិច្ចបញ្ជាក់ថា សពកូនស្រីទាំង៣នាក់ស្លាប់ដោយការច្របាច់.ក ។ ចំណែកសាកសពឪពុកស្លាប់ដោយចងក(ធ្វើអត្តឃាត) ។ សពជនរងគ្រោះទាំងអស់ សមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here