ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណ៍រដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ។ នៅក្នុងជំនួបពិភាក្សានាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ននេះគឺ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណងដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តនេះមានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍ហើយខេត្ត មានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក។ ទាំងអស់នេះហើយដែលធ្វើឲ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចំរើន យ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ដោយសារអ្នកវិនិយោគ ជាតិអន្តរជាតិ មានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ ក្រៅពីនោះ ខេត្តក៍មានឆ្នេរខ្សាច់សល្អស្អាតវែងជាងគេ ទាំងដីគោកនិងនៅតាមតំបន់ឆ្នេរកោះ ក្នុងការទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែរកំសាន្តយ៉ាងល្អ។ ដោយមើលឃើញពីការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុនេះហើយទើប-ឯកឧត្តម អេមីនីហ្គីដូ គូប៉ា ឡូប៉េស (ErmenegildoKupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្កូ បានមកធ្វើទស្សនកិច្ចស្វែងយល់អំពីសក្កានុពល និងការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដែលធ្វើឲ្យមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើតក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនេះ ទៅថ្ងៃអនាគតក្រុងព្រះសីហនុនឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជាផងដែរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា​ និងទីម័រខាងកើត គឺមានជាយូរមកហើយ ព្រោះប្រទេសទាំងពីរគឺមានសាវតាស្រដៀងគ្នា។

ឯកឧត្តមក៏បានសំដែងការអរគុណចំពោះឥណ្ឌូចិន ដែលមានប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសចិន ដែលបានគាំទ្រឱ្យទីម័រខាងកើតផ្ដាច់ខ្លួនឯករាជ្យដោយខ្លួនឯងហើយប្រជាជនទីម័រមានមោទនភាពជាខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំជោគជ័យ មួយរូបក្នុងការបង្រួបបង្រួមជាតិ ក្រោយពីប្រទេសកម្ពុជាមានវិបត្តិជាង 30 ឆ្នាំ ហើយសម្ដេចបានបង្រួបបង្រួមផ្សះផ្សាជាតិរហូតធ្វើអោយប្រទេសកម្ពុជា មានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចំរើនរហូតដល់បច្ចុប្បន្ន ។ ជាពិសេសសម្ដេចបាន ដឹកនាំ ប្រទេសឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលសម្លាប់ប្រជាជនស្លូតត្រង់ជាងបីលាននាក់ប្រែក្លាយមកជាប្រទេសមានកំណើនសេដ្ឋកិច្ចកើនឡើង ៧ ភាគរយប្រចាំឆ្នាំ គឺជាអច្ឆរិយៈមួយដែលប្រទេសទីម័រខាងកើតមានបំណងរៀនសូត្រពីប្រទេសកម្ពុជាក្នុងការដឹកនាំអោយ ប្រទេសមានការ អភិវឌ្ឍន៍រីកចំរើន ជាពិសេសដូចនៅក្រុងព្រះសីហនុនេះផងដែរ៕