មេឃុំស្រុកទឹកឈូខេត្តកំពតចាក់ដីលុបប្រឡាយទឹក ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវា៉

0
192

(កំពត)៖ ប្រជាពលរដ្ឋរស់នៅឃុំត្រពាំងព្រីង នៃស្រុកទឹកឈូ ខេត្តកំពត បាននាំគ្នានិយាយថា លោកឧកញ៉ា នួន អក បានឧបត្ថម្ភលុយ៥ម៉ឺនដុល្លារ ឲ្យមេឃុំដើម្បីបើកផ្លូវចូលដីឡូត៍ ក៏ដូចជាពង្រីកផ្លូវជូនពលរដ្ឋ ស្រាប់តែមេឃុំចាក់លុបប្រឡាយទឹកតែម្តង ដើម្បីកុំឲ្យអស់លុយច្រើន។

តាមការឲ្យដឹងពីពលរដ្ឋក្នុងតំបន់បាននិយាយថា កាលពីពេលថ្មីៗនេះ មានគម្រោងដីឡូត៍របស់ លោកឧកញ៉ា នួន អក ដោយមិនទាន់មានផ្លូវចូល រីឯផ្លូវក្នុងភូមិក៏តូចចង្អៀត។ តែខាងក្រុមហ៊ុនឧកញ៉ាបានចំណាយប្រាក់ ប្រមាណជា៥ម៉ឹនដុល្លារអាមេរិច ដើម្បីឲ្យអាជ្ញាធរដោះស្រាយជាមួយពលរដ្ឋ ឬទូទាត់សំណងផ្សេងៗ និងចាក់ដីធ្វើផ្លូវ ដើម្បីប្រើប្រាស់រួម ព្រោះកន្លងមកផ្លូវតូចចង្អៀត និងគ្មានផ្លូវចូលដីឡូត៍នោះឡើយ។ ស្រាប់តែការអនុវត្តជាក់ស្តែង មេឃុំបែរជាមិនបានឲ្យលុយពួកគាត់ថ្លៃដំណាំ ដែលបានទើសនឹងការធ្វើផ្លូវឡើយ ហើយថែមទាំងចាក់លុបប្រឡាយចាស់ យកដីធ្វើផ្លូវតែម្តង ព្រមទាំងចាក់លុបបឹងធម្មជាតិ និងទួលអង្គបុរាណថែមទៀត ដើម្បីវែកផ្លូវឲ្យឧកញ៉ា ដែលបច្ចុប្បន្នកំពុង ស្ទះផ្លូវទឹក និងបិតផ្លូវទឹកទាំងស្រុង។

ទាក់ទងករណីនេះលោក សំ ប៉ិច មេឃុំត្រពាំងព្រីង នៃស្រុកទឹកឈូ បានមានប្រសាសន៍ ដោយទទួលស្គាល់ថា ពិតជាមានករណីចាក់លុបប្រឡាយទឹកដើម្បីយកដីធ្វើផ្លូវដូច្នេះមែន តែលោកបានបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋមួយចំនួនគាំទ្រចង់ឲ្យបានផ្លូវធំបែបនេះ ហើយមួយចំនួនទៀតចង់ឲ្យកាយប្រឡាយចាស់វិញ ដើម្បីយកទឹកប្រើប្រាស់ ករណីនេះលោកនឹងប្រជុំពិភាគ្សាគ្នាបន្ថែម។

លោកមេឃុំបានបញ្ជាក់ថា ចំពោះរឿងលោកឧកញ៉ា នួន អក ពិតជាបានចំណាយលុយ៥ម៉ឺនដុល្លាដើម្បីធ្វើផ្លូវចូលពិតមែន តែមិនមែនឃុំជាអ្នកចាត់ចែងទេ គឺខាងក្រុមហ៊ុនជាអ្នកដោះស្រាយជាមួយពលរដ្ឋដោយខ្លួនឯង ហើយចំពោះរឿងដែលពលរដ្ឋចោទថា កាប់បំផ្លាញដំណាំនៅមុខផ្ទះមិនសងលុយនោះ លោកថាដោយសារតែពលរដ្ឋដាំលើដីរបស់រដ្ឋមិនមែនដីខ្លួនឯងទេ ដូច្នេះទើបគេមិនទូទាត់សំណង។ លោកបានបញ្ជាក់ដែរថា លោកពិតជាបានអនុញ្ញាតិឲ្យមានការចាក់ដីធ្វើផ្លូវកាត់បឹង និងទួលអង្គបុរាណដែលជាសម្បត្តិរដ្ឋមែន តែដោយសារមានស្នើរសុំបើកផ្លូវពីក្រុមហ៊ុនកូរ៉េមួយផ្សេងទៀតដែលមិនពាក់ ព័ន្ធនឹងឧកញ៉ាទេ។ លោកបន្ថែមថា នឹងមានការកាយដីទាំងនោះចេញពីបឹង និងទួលបុរាណវិញ ដើម្បីបើកផ្លូវទឹកជូនពលរដ្ឋ។

សូមបញ្ជាក់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីមួយចំនួន ដែលដឹងរឿងហេតុខាងលើ បានសំដែងការអន់ចិត្ត និងហួសចិត្តយ៉ាងខ្លាំង ដោយសូម្បីតែប្រឡាយទឹក និងបឹង ឬទួលអង្គបុរាណដែលជាទីកន្លែងគោរពសក្ការៈ ក៏លោកមេឃុំ ហ៊ានចាក់វាតយកដី ដើម្បីធ្វើផ្លូវផ្គាប់ចិត្តលោកឧកញ៉ា និងក្រុមហ៊ុន ដោយមិនមានការអនុញ្ញាតិច្បាប់ពីថ្នាក់លើសោះ ហ៊ានអារកាត់ដោយខ្លួនឯងផុយៗតែម្តង ធ្វើឲ្យបាត់ប្រឡាយធម្មជាតិ និងបិតផ្លូវទឹករបស់ពួកគាត់ទាំងស្រុង ពលរដ្ឋក៏បានសំណូមពរឲ្យអាជ្ញាធរឃុំសិក្សាឡើងវិញ អំពីស្ថានភាពបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here