ខេត្តកណ្តាលៈ ដើម្បីជាការចូលរួមចំណែកខាងពុទ្ធចក្រ និងអាណាចក្រឲ្យមានការរីកចម្រើនជាមួយ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន  និងលោកជំទាវ ហ៊ុន ប៊ុនធឿន ជាទីប្រឹក្សាផ្ទាល់ក្រសួងការបរទេស និងសហការអន្តរជាតិ និងលោក ឧកញ៉ា យន្ត ប៊ុនលី និងលោកជំទាវ ហៀវ លន បាននាំយកថវិកាចំនួន ៥.០០០$(ប្រាំពាន់ដុល្លារ) និង សុីម៉ងតិ៍ចំនួន១៥តោន. អង្ករចំនួន២តោន និងទឹកសុទ្ធចំនួន២០កេស ដើម្បីប្រគេនព្រះសង្ឈដែលបានគង់ នៅវត្តកោះវាំងកែវអណ្តែត ស្ថិតនៅភូមព្រែកប៉ុក ក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ នៅក្នុងឱកាសពិធីសំណេះសំណាលនាពេលនោះ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង មានប្រសាសន៍ថាៈដោយមានការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះ ពុក ម៉ែ និងបងប្អូនប្រជាពលរដ្ឋ តាមរយៈឯកឧត្តម និងថ្នាក់ដឹកនាំដែលបានចុះមកជួបជុំបងប្អូននៅថ្ងៃនេះ។ ឯកឧត្តមបណ្ឌិត បន្តថាៈ ដោយសារប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាពល្អប្រសើរក្រោមការដឹកនាំផ្ទាល់ សមេ្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅទូទាំងប្រទេស បានប្រារព្វពិធីធ្វើបុណ្យធ្វើទាន ជួបជុំបងប្អូនញាត្តិសណ្តាន ជាក់ស្តែងនៅថ្ងៃនេះ ឯកឧត្តម និងលោកជំទាវ បានអញ្ចើញចុះមកធ្វើបុណ្យធ្វើទាន នៅវត្តកោះវាំងកែវអណ្តែត យើងនេះ និងបាននាំយកថវិកា.សុីម៉ង់តិ៍.អង្ករ និងទឹកសុទ្ធ មកប្រគេនព្រះសង្ឈទុកសម្រាប់ដោះស្រាយនានានៅក្នុងវត្ត។ ឯកឧត្តមក៏បានលើកឡើងថាៈ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ០៣ឆ្នាំ០៨ ខែ២០ថ្ងៃ នាពេលនោះ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រងទុក្ខលំបាកវេទនា និងមិនបានធ្វើបុណ្យធ្វើទានឡើយ និងត្រូវបានបង្ខំឲ្យធ្វើការទាំងឈឺទាំងជា ព្រមទាំងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរយើងអស់ជាង បីលាន នាក់ថែមទៀតផង។ ក្រោយថ្ងៃរំដោះ០៧ មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណប្រជាជនកម្ពុជា ដែលមានសមេ្តច តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិតស៊ាង ប៊ុនលាង បានក្រើនរំលឹកសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវចូលរួមថែទាំសុខភាព ឲ្យបានល្អ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចុះផ្សព្វផ្សាយនៅតាមមូលដ្ឋានដែលបងប្អូនរស់នៅ។

គួរបញ្ចាក់ថា នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានចែកវែនតាជូនចាស់ៗ ចំនួន៧៥នាក់ ក្នុងម្នាក់ៗបានទទួលវែនតា មួយ និងថវិកា ០១មុឺនរៀល ផងដែរ។