(កណ្តាល)៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបាទី ខេត្តតាកែវ បង្ក្រាបបានក្រុមចោរប្លន់យ៉ាងសកម្មចំនួន៣នាក់ តែងតែធ្វើសកម្មភាពប្លន់ម៉ូតូ លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តតាកែវ និងឆ្លងខេត្តផ្សេងទៀតផងដែរ។

ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០ ក្នុងឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយបានរឹបអូសម៉ូតូ៦គ្រឿង និងវត្ថុតាងជាច្រើនទៀតផងដែរ ។

ក្នុងការបង្ក្រាបនេះ ដោយមានការចង្អុលបង្ហាញបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យទាំង៣ដែលឃាត់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះចែម សារ៉េត ហៅប៉ាង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិព្រះ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ, ទី២៖ ឈ្មោះ ត្រុក រិត ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសង្កែ ឃុំត្រពាំង សាប ស្រុកបាទី ខេត្តតាកែវ និងទី៣៖ ឈ្មោះ ឌុច សុខ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិតាស៊ូ ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ចំណែកវត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន៦គ្រឿង ប្រដាប់កាច់ករម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន។ កូនសោរកំផ្លេរមួយចំនួន ដាវសាំម៉ូរៃកែច្នៃចំនួន១ ថ្នាំញៀនចំនួន៤កញ្ចប់តូច ថង់ប្លាស្ទិចសំ រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងដែកកេះចំនួន៧ ។

ចំណែកជនរងគ្រោះទី១៖ ឈ្មោះ អៀន ឈ ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ និងទី២៖ ឈ្មោះ ពៅ សុគន្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិធ្លក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ រូបលោក និងកម្លាំងអធិការស្រុកបាទី សហការជាមួយប៉ុស្តិ៍រដ្ឋបាល បានសុំគោលការណ៍ទៅលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្នុងការដឹកនាំសម្របសម្រួលនីតិវិធី ចុះបង្ក្រាបបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ម៉ូតូ៦គ្រឿង រួមនិងវត្ថុតាងមួយចំនួនថែមទៀត ។

លោកអធិការបន្ថែមទៀតថា ជនសង្ស័យទាំងអស់ខាងលើជាមុខសញ្ញាចោរប្លន់យ៉ាងសកម្ម និងបានធ្វើសកម្មភាពច្រើនលើកមកហើយ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕