(បាត់ដំបង)៖ តូបលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបង ចំនួន៣៣តូប ក្នុងចំណោម ៣៣៥តូប ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុងនាល្ងាចថ្ងៃទី៣០ ខែសីហាម្សិលមិញ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញ ចុះជួបសំណេះសំណាល និងដោះស្រាយជូនអាជីវករផ្សារដែលរងគ្រោះ។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ភ្លាមៗលោក ងួន រតនៈ បានដឹកនាំសមត្ថកិច្ចចម្រុះកំពុងចុះត្រួតពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ចំណែករថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង ក្នុងនោះរថយន្តមកពីស្នងការនគរបាលខេត្តចំនួន ៣គ្រឿង, ស្រុកសង្កែ១គ្រឿង, ស្រុកថ្មគោល១គ្រឿង, ស្រុកឯកភ្នំ១គ្រឿង និងស្រុកបាណន់ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៩ រថយន្តផងដែរ។

សូមជម្រាបជូនថា ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៧ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់ផ្សារណាត់ ក៏ត្រូវបានគេចាត់ទុកថាជាសំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ៕