(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ ខេត្តក្រចេះ បានសហការជាមួយនគរបាលស្រុកចិត្របុរី និងកម្លាំងជំនាញព្រហ្មទណ្ឌ ខេត្តក្រោមបញ្ជាលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ នៅចំណុចរមណីយដ្ឋានថ្មបាំង ស្ថិតនៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរីខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ដៀង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំពង្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងអំពើលួចប្រព្រឹត្តនៅថ្ងៃទី៣០ ខែសីហា ស្ថិតនៅបន្ទុបជួលក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ។

យោងតាមរបាយការណ៍ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី៣០ ខែសីហា វេលម៉ោង៥ជាងទៀបភ្លី ឈ្មោះ ហួត ដា បានជិះម៉ូតូខាងលើ ទៅរៀបចំឥវ៉ាន់ឱ្យប្រពន្ធលក់នៅផ្សារក្រចេះ ពេលត្រឡប់មកដល់បន្ទុបវិញ ខ្លួនបានយកម៉ូតូទុកនៅមុខបន្ទុប និងទុកកូនសោរឱ្យប្រពន្ធសម្រាប់ជិះទៅយកឥវ៉ាន់នៅផ្សារ ហើយខ្លួនក៏ជិះម៉ូតូសណ្ដោងរឺម៉កមកកន្លែងធ្វើការ រហូតដល់ម៉ោង៧ព្រឹក ប្រព័ន្ធខ្លួនចេញមកយកម៉តូទើបដឹងថាបាត់ម៉ូតូ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយនគរបាលចិត្របុរី និងនគរបាលជំនាញខេត្តបានធ្វើការសើបអង្កេត ស្រាវជ្រាវជាបន្តបន្ទាប់ និងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈដែលជនសង្ស័យរូបនេះព្យាយាមរត់គេចពីសមត្ថកិច្ច មកសម្ងំលាក់ខ្លួននៅចំនុចឃាត់ខ្លួនខាងលើ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ប្រតិបត្តការនេះសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចំនួន២គ្រឿង មធ្យោបាយរបស់ជនសង្ស័យ១គ្រឿង និងម៉ូតូជនរងគ្រោះ១គ្រឿង និងឧបករណ៍កាច់សោរម៉ូតូ១សម្រាប់។ បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបំពេញនីតិវិធី៕