(Update)៖ បន្ទាប់ពីផ្ទុះការរិះគន់រឿងប្រឡាយទឹកពេលនេះក្រុមហ៊ុនឧកញ៉ា នួន អក បកស្រាយថា ការសាងសង់ផ្លូវលប់ប្រឡាយទឹកនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ គឺមានការអនុញ្ញាតិ្តពីអភិបាលស្រុក (មានវីដេអូ)

489

(កំពត)៖ បន្ទាប់ពីមានពលរដ្ឋរិះគន់ថា មេឃុំត្រពាំងព្រីង នៃស្រុកទឹកឈូ បានចាក់ដីលុបប្រឡាយទឹក និងទួលអង្គបុរាណ ដើម្បីវែកផ្លូវឲ្យក្រុមហ៊ុនឧកញ៉ា ដោយមិនបានសងថ្លៃខូចខាតដំណាំរបស់ពួកគាត់ និងធ្វើឲ្យបិតផ្លូវទឹក តំណាងខាងក្រុមហ៊ុន នួន អក បានបកស្រាយថា ការធ្វើនេះគឺមានការអនុញ្ញាតិពីអាជ្ញាធរស្រុក និងមានបច្ចេកទេសត្រឹមត្រូវ។

លោក ម៉េង ឃាង តំណាងក្រុមហ៊ុនលោកឧកញ៉ា នួន អក បានបកស្រាយប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា កន្លងមកខាងក្រុមហ៊ុនមិនបានឲ្យលុយអាជ្ញាធរឃុំ ចំនួន៥ម៉ឺនដុល្លាដើម្បីសាងសង់ផ្លូវនេះឡើយ គឺខាងក្រុមហ៊ុនជាអ្នកចាត់ចែងដោយខ្លួនឯង ចំពោះរឿងដែលពលរដ្ឋនិយាយថា មានការចាក់លុបប្រឡាយទឹកដើម្បីធ្វើផ្លូវ គឺមានការអនុញាតិពីអភិបាលស្រុកត្រឹមត្រូវ ហើយចំពោះរឿងដែលថា ធ្វើប៉ះពាល់ដំណាំពលរដ្ឋមិនសងសំណង់នោះ គឺខាងក្រុមហ៊ុនមិនបានដឹងឡើយ។ លោកបញ្ជាក់ថាបើពលរដ្ឋមានបញ្ហាដូច្នេះត្រូវរាយការណ៍ប្រាប់ក្រុមហ៊ុន ហើយបច្ចុប្បន្នផ្លូវខាងលើក៏មិនទាន់ធ្វើហើយជាស្ថាព័រដែរ នៅមានកន្លែងខ្លះត្រូវសិក្សាដាក់លូ ឬធ្វើស្ពាន។

ទាក់ទងករណីដែលតំណាងក្រុមហ៊ុនលោកឧកញ៉ា នួន អក និយាយថា ធ្វើផ្លូវស្របតាមច្បាប់ដែលបានអាជ្ញាធរ អនុញ្ញាតិនេះ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានមានប្រសាសប្រាប់អ្នកសារព័ត៌មានយើង នៅព្រឹកថ្ងៃទី១៨ តុលានេះ ដោយទទួលស្គាល់ថា លោកពិតជាបានអនុញ្ញាតិឲ្យក្រុមហ៊ុនខាងលើសាងសង់ផ្លូវពិតប្រាកដមែន តែលោកបានបញ្ជាក់ថា លោកបានឲ្យក្រុមហ៊ុនសិក្សាមើលជាមុនពីផលប៉ះពាល់បរិស្ថាន និងសម្របសម្រួលជាមួយពលរដ្ឋ មិនមែនបានអនុញាតិឲ្យចាក់លុបប្រឡាយទឹក ឬបិតផ្លូវទឹកនោះឡើយ។ លោកថានឹងចាត់មន្ត្រីពាក់ព័ន្ធឲ្យទៅពិនិត្យមើលពី បញ្ហានេះ។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនដីឡូត៍របស់លោកឧកញ៉ា នួន អក មិនទាន់មានផ្លូវចូល ក៏បានស្នើរសុំធ្វើផ្លូវ ទំហ៊ំ៦ម៉ែត្រ ប្រវែង១៤០០ម៉ែត្រ តាមរយៈមេឃុំ រហូតដល់ស្រុក ដោយគេល្បីគ្រប់ៗគ្នាថា ក្រុមហ៊ុនបានចំណាយលុយ៥ម៉ឺនដុល្លា ដើម្បីសាងសង់ផ្លូវនេះ។ តែគម្រោងផ្លូវថ្មីនេះ ត្រូវបានពលរដ្ឋមួយចំនួនគាំទ្រ ព្រោះបានផ្លូវធំជាងមុនកាត់មុខផ្ទះរបស់ខ្លួន ដោយឡែកពលរដ្ឋមួយចំនួនទៀតបានរិះគន់ថា ពង្រីកផ្លូវដោយកាប់ដំណាំរបស់ពួកគាត់តាមចិត្ត ដោយមិនសងសំណង់នោះឡើយ ហើយថែមទាំងចាក់ដីលុបប្រឡាយទឹក ធម្មជាតិ និងទួលអង្គបុរាណដែលជាតំបន់វប្បធម៌ទីកន្លែងសក្ការៈ យកធ្វើផ្លូវតែម្តង ដែលជាហេតុធ្វើឲ្យពួកគាត់ បាត់ប្រឡាយទឹក និងបិតផ្លូ វទឹកទាំងស្រុង។ ពលរដ្ឋថាថ្វីត្បិតការសាងសង់ផ្លូវនេះ ធ្វើឡើងដើម្បីប្រយោជន៍រួមមែន តែអាជ្ញាធរឃុំ ហាក់តម្រូវចិត្តលោកឧកញ៉ាច្រើនជាងតម្រូវចិត្តពលរដ្ឋ។

ពាក់ព័ន្ធករណីនេះផងដែរលោក សំ ប៉ិច មេឃុំត្រពាំងព្រីង នៃស្រុកទឹកឈូ ធ្លាប់បានបញ្ជាក់ដោយទទួលស្គាល់ថា ពិតជាបានចាក់ដីលុបប្រឡាយទឹកដើម្បីធ្វើផ្លូវ និងចាក់ផ្លូវកាត់ទួលអង្គបុរាណដូចការលើកឡើងរបស់ពលរដ្ឋមែន តែលោកក៏បានបញ្ជាក់ដែរថា នឹងកាយចេញវិញឲ្យដូចដើមក្នុងពេលឆាប់ៗនេះ៕ រូបភាព និងអត្ថបទ៖ FK NEWS