(បន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តស៊េរីទំនើប ម៉ាក Lexus NX 200t បានបើកបុកម៉ូតូរ៉ឺម៉កកង់បី ១គ្រឿង ពីក្រោយជិះពីរនាក់ប្តីប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអណោចអាធ័ម នៅកន្លែងកើតហេតុ។

ចំណែកអ្នកបើករថយន្តគេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង២ ទាបភ្លឺឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៣-៣៧៤ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកអូរជ្រៅបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ប្ដីប្រពន្ធ មានឈ្មោះ ស៊ុន ជៀន អាយុ៤៥ឆ្នាំ ជាប្តី និងប្រពន្ធមានឈ្មោះ ភន់ ច័ន្ទថា អាយុ៤៧ឆ្នាំ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានបើកម៉ូតូកង់បី ក្នុងទិសដៅពីលិច ទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គឿង ម៉ាក Lexus NX 200t ពណ៌ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ 2B-7979 បើកទៅបុកម៉ូតូកង់បីពីក្រោយពេញទំហឹង ក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពីបុកហើយអ្នកបើកបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់បន្សល់ទុកតែរថយន្ត។

នគរបាលស្រុកបានបន្ថែមថា ចំពោះមូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើករថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

សម្ភារម៉ូតូកង់បី និងរថយន្តខូចខាតធ្ងន់ ត្រូវនគរបាលជំនាញយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើការត្រួតពិនិត្យរួច៕