(កណ្តាល) ៖ យុវតីម្នាក់ចំណោមបក្ខពួក២នាក់​ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវបានសម្រេច ត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួននាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាំមកចាត់ការតាមផ្លូវច្បាប់។

ប៉ូលិសនិយាយថា យុវតីសង្ស័យឈ្មោះ ជួន ចន្ទ័បូរមី ភេទស្រី ជនជាតិខ្មែរ អាយុ១៨ឆ្នាំ នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ដកហូតម៉ូតូ១គ្រឿងម៉ាកHonda scoopy ពណ៌សលាយផ្កាឈូក ស៊េរី២០១១ ពាក់ផ្លាកលេខ ភ្នំពេញ 1BD-5595 គ្មានស្តុបក្រោយ របស់ជនសង្ស័យ ។ ចំណែក បក្ខពួកម្នាក់ទៀតឈ្មោះ ផាន់ ឧត្តម ហៅស្វិត ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុលក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិន ពិតប្រាកដ (គេចខ្លួន)។ 

ប៉ូលិសបន្តថា មុនពេលកើតហេតុ មាននារីរងគ្រោះម្នាក់បានជិះម៉ូតូម៉ាក today តែម្នាក់ឯង នៅពេល ជិះមកដល់ម្តុំផ្សារកាច់ជ្រុងស្រាប់តែឃើញជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក scoopy ពណ៌សលាយផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BD-5595 តាមពីក្រោយ ដោយឈ្មោះផាន់ឧត្តម ហៅស្វិត ជាអ្នកបើកម៉ូតូ ,ឯឈ្មោះជួន ចន្ទ័បូរមី ហៅយ៉ែន ជាអ្នកអង្គុយខាងក្រោយ បានឆក់ទូរស័ព្ទរបស់ជនរងគ្រោះម៉ាក iphone 6 plus បានសម្រេច។

ពេលនោះជនរងគ្រោះបានបើកម៉ូតូដេញតាម រួចបានបើកបុកម៉ូតូជនសង្ស័យពីក្រោយបណ្តាលឱ្យដួលបែកស្តុប ហើយដណ្តើមយកទូរស័ព្ទវិញ។ ចំណែកជនសង្ស័យទាំង២នាក់ បានលើកម៉ូតូជិះគេចខ្លួនបាត់ទៅ ហើយជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ។

ប៉ូលិសបន្តទៀតថា លុះមកដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ូលិសប៉ុស្តិ៍តាក្តុលសហការ ជាមួយកម្លាំងប៉ូលិសយុត្តិធម៌ក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការប៉ូលិដក្រុងស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់ខាងលើ បញ្ជូនមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

ចំណែកនារីសង្ស័យឈ្មោះជួនចន្ទ័បូរមី ហៅយ៉ែនបានសារភាពថា ខ្លួននិងឈ្មោះផាន់ ឧត្តម ហៅស្វិត ពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើប្រាកដមែន ដោយខ្លួនជាអ្នកឆក់ ហើយឈ្មោះផាន់ ឧត្តម ហៅស្វិតជាអ្នកបើកម៉ូតូ និងបានសារភាពទៀតថា គាត់បានប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជិត៥ខែមកហើយ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here