នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដឹកនាំដោយលោក សោម អូន និង លោក តិមា សោភា អភិបាលរងខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោកស្រីនាយករងរដ្ឋបាល លោកចៅសង្កាត់ លោកមេភូមិ មន្រ្ដីសាលាខណ្ឌ ក្រមការងារកសាងបក្សសហជីព ខ័ណ្ឌសែនសុខ និងក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការចុះធ្វេីយុទ្ធនាការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ (Covid-19) នៅអគាររដ្ឋបាលសង្កាត់ភ្នំពេញ អគាររដ្ឋបាលសង្កាត់ទឹកថ្លា អគារនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា និង បន្ទប់ជួល ប្រមាណជាង ៥២០បន្ទប់ ជូនដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងសង្កាត់ភ្នំពេញថ្មី និង សង្កាត់ទឹកថ្លា នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក តិមា សោភា ក្នុងនាមអាជ្ញាធរខណ្ឌ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីបន្តប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការ អនាម័យ ការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណគុណចំពោះលោក សោម អូន ដែលបានដឹកនាំក្រុមការងារប្រយុទ្ឋប្រឆាំងជម្ងឺខូវីត ចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជម្ងឺខូវីត ១៩ នៅទឹកដីខ័ណ្ឌសែនសុខជាលើកទី២។
លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងជាសមាជិកគណចលនាសហជីពរាជធានីភ្នំពេញ បានឲ្យដឹងថា ជម្ងឺខូវីត-១៩ នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សជាតិនៅលើពិភពលោក ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភពលោក មានអ្នកផ្ទុកជម្ងឺខូវីតជាង២៥លាននាក់ និងមានអ្នកស្លាប់ចំនួនជាង ៨០មុឺន នាក់ ។ ស្របពេលជាមួយនេះ ក្រុមជំនាញ NACC Team Against Covide-19 បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីចូលរួមយុទ្ឋនាការផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត និងប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាលអំពីវិធីការពារមិនឲ្យឆ្លងរាលដាល ព្រមទាំងបាញ់ថ្នាំបំភាយសម្លាប់មេរោគទប់ស្កាត់ការពារការរីករាលដាលជម្ងឺខូវីត-១៩ ដោយបានសហការជាមួយអាជ្ញាធរ ខ័ណ្ឌ សង្កាត់ ហើយនឹងបន្តឲ្យបានកាន់តែសកម្មថែមទៀត ។ លោក សោម អូន បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតគ្រប់វិស័យ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តនូវគោលការណ៍សំខាន់ៗដូចជា : ១- ពាក់ម៉ាស់ជានិច្ចនៅពេលមានការជួបជុំ, ២- រស់នៅស្អាតជាប្រចាំ,និង ៣- រក្សាគម្លាតសុវត្ថិភាពនៅពេលមានការជួបជុំ៕