ភ្នំពេញ៖ត្រឹមតែមួយរយៈនៃដើមខែកញ្ញានេះ ឃើញថា ករណីអំពើឃាតកម្មគួរឲ្យរន្ធត់តក់ស្លុត រួមមាន៖ ប្តីចាក់សម្លាប់ប្រពន្ធ, ឪពុកសម្លាប់កូន , កូនបង្កើតអារ.ក សម្លាប់ម្តាយ , រំលោភសេពសន្ថវៈក្មេងស្រី រួចអារ.កសម្លាប់ចោល ,  បានកើតឡើងបន្តបន្ទាប់គ្នា ខណៈដែលព្រះមហាក្សត្រនៃកម្ពុជា មានព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះគួរអោយព្រួយបារម្ភណាស់ ។

ដូចជានៅខណ្ឌពោធិ៍សែនជ័យ ទើបតែមានករណីកូនបង្កើតអារ.ក សម្លាប់ម្តាយខ្លួន ។ ក្រោយអំពើឃាតកម្មនេះ ឃាតករបានរត់មកចង.ក សម្លាប់ខ្លួន នៅខណ្ឌសែនសុខ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាន់ពេលវេលា ។

មួយកន្លែងទៀត នៅខណ្ឌពោធិ៍សែនជ័យ ដែរ គឺ បុរសម្នាក់ បានអារ.ក សម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ រួចទើបរំលោភសេពសន្ថវៈ តាមក្រោយ តែក្រោយមក ឃាតករ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅគល់ស្ពាន ព្រែកព្នៅ ពេលបម្រុងជិះតាក់ស៊ីគេចខ្លួន ។

ក្រោយមកកាលពីថ្ងៃទី៣ ខែកញ្ញា មានករណីបុរសម្នាក់ បានចាក់សម្លាប់សង្សាររបស់ខ្លួន ព្រោះតែភ្លើងប្រចណ្ឌ ខណៈកើតជម្លោះពេលកំពុងផឹកស៊ី ក្នុងបុរី លឹម ឈាងហាក់ នៃខណ្ឌដង្កោ ។ ក្រោយចាក់សម្លាប់សង្សាររួច ឃាតករបានអារ.ក សម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ ត្រូវបានបញ្ជូនទៅ  សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ចំណែក នៅស្រុកអង្គស្នួល ខេត្តកណ្តាល វិញ នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីអតីតប្តីដែលទើបលែងលះគ្នាបាន១សប្តាហ៍ បានចាក់សម្លាប់ប្រពន្ធរបស់ខ្លួនដែលមានវ័យ ២៧ឆ្នាំ ព្រោះតែសុំត្រូវរ៉ូវគ្នាវិញ មិនព្រម ដោយបន្សល់ទុកកូនកំព្រា ២នាក់ ហើយក្រោយហេតុការណ៍ ឃាតករបានអារ.កសម្លាប់ខ្លួនតាមក្រោយដែរ តែមិនស្លាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។

នេះជាករណីឃាតកម្មកំពុងព្រួយបារម្ភណ៍យ៉ាងខ្លាំងក្នុងសប្តាហ៍ថ្មី នៃដើមខែកញ្ញា ឆ្នាំ២០២០ នេះ ដែលបង្ហាញអំពីភាពកាចសាហាវ ឃោឃៅ ព្រៃផ្សៃជាទីបំផុត ។

បញ្ហានេះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហោះខ្លឹមសារមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយព្រះអង្គមាន ព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះគួរអោយព្រួយបារម្ភណាស់ ។

ព្រះមហាក្សត្រ មាន ព្រះបរមរាជឱង្ការ ថា បច្ចុប្បន្ននេះសាកលលោកយើង កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរីកចម្រើននិងជឿនលឿន ដោយមានជំនាញខាងវិទ្យាសាស្ត្រ និង សម្ភារៈ ដែលមិនធ្លាប់មានពីមុនមក ។

ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និង អភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ ។ ភាពអន់ថយនៃសីលធម៌ និង គុណធម៌សង្គម នាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និង និរន្តរភាពនៃវប្បធម៌ និង ចីរភាពរបស់សង្គមនិយមទៅអនាគត ៕