ទិដ្ឋភាពថ្ងៃដំបូងនៃការប្រមូលផលស្រូវរបស់គម្រោង«ស្រែសង្គម»ក្នុងស្រុកបន្ទាយស្រី។លោកឃឹម ហ្វីណង់: តាមការប៉ាន់ស្មាន គម្រោងជុំទីមួយលើផ្ទៃដី៤០ហិកតា នេះនឹងប្រមូលទិន្នផលជាស្រូវបានជាង១០០តោន ដើម្បីយកទៅឧបត្ថម្ភជួយរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសបងប្អូនដែលទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចនិងជីវភាពពីជំងឺកូវីដ១៩។
ឆ្លៀតឱកាសដ៏កម្រនេះ ក៏បាននាំកូនៗតូចៗ ក្រុមគ្រួសារ និងមិត្តភក្តិឱ្យបានស្គាល់ពីជីវភាពរស់នៅបែបជនបទផង និងបានចូលរួមការងារសង្គមផង។ សកម្មភាពច្រូតស្រូវនេះក៏មានការចូលរួមពីសំណាក់លោកពូប្រធានក្រុមប្រឹក្សាស្រុក លោកតំណាងមន្ទីរកសិកម្មខេត្ត លោកមេឃុំ មេភូមិ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។
ជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំងអស់ដែលជាអ្នកទទួលផលដោយផ្ទាល់ពីគម្រោងនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានជួយជាពូជស្រូវ ឱ្យខ្ចីម៉ាសុីនគ្រឿងចក្រ ទាំងភ្ជួរ ទាំងអូស ទាំងច្រូត ផ្តល់ជាជី និងកំលាំងពលកម្មស្ម័គ្រចិត្ត ព្រមទាំងការគាំទ្របច្ចេកទេសគ្រប់រូបភាព ដែលបានជួយរ៉ាប់រងរាល់ការចំណាយទាំងអស់ និងធ្វើឱ្យគម្រោងជុំទីមួយនេះបានបញ្ចប់ទៅទាំងស្រុងប្រកបដោយជោគជ័យ។
រដ្ឋបាលស្រុកគ្រោងនឹងបន្តសម្របសម្រួលគម្រោងនេះសម្រាប់ជុំទីពីរបន្តទៀត ប្រសិនបើនៅតែទទួលបានការគាំទ្រ និងមានការចូលរួមឧបត្ថម្ភលើគម្រោងស្រែសង្គមនេះ ពីសំណាក់សប្បុរសជនបន្តទៀត។