នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយ ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ប្រតិភូជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះ សំណាលជាមួយនាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្រ ក្នុងឱកាសបុណ្យ កាន់ បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិ។

ឯកឧត្ដម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានអោយដឹងថា ក្នុងរយៈពេលកន្លងមកជារួម ដោយក្តាប់បានសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ទាំងនៅលើផ្ទៃសមុទ្រ តាមបណ្ដោយព្រំដែនទឹក និងព្រំដែនគោកជាប់មាត់សមុទ្រ អង្គភាពបានត្រៀម កម្លាំងចំនួន ៤០០នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ សម្រាប់ជួយគាំទ្រ អន្តរាគមន៍ ដល់គណៈបញ្ជាការឯកភាពខេត្តទាំងបួន តាមបណ្ដោយឆ្នេរនូវប្រធានស័ក ឬហានិភ័យផ្សេងៗ។ ឯកឧត្ដម ឧត្តមនាវីឯកបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្ដេតេជោ ហ៊ុន សែន បានធ្វើ ឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនជាបន្ត បន្ទាប់ នៅចុងក្នុងឆ្នាំ២០១៩ កន្លងមក មូលដ្ឋានសមុទ្រ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្ដេតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នូវផ្លូវអ៊ុតកៅស៊ូបេទីម (AC) ប្រវែង ២,៨៨៦ ម៉ែត្រ ដែលស្ថាបនាដោយកងវិស្វកម្មកងទ័ពជើងគោក  និងសំនង់អាគារផ្សេងៗទៀត ដើម្បីបំពេញសេចក្តីត្រូវការក្នុងអង្គភាព។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម សាយ សំអាល់ បានថ្លែងការកោតសរសើរដល់កងកំលាំង ក្នុងមូលដ្ឋាន   សមុទ្រទាំងអស់ ក្នុងការខិតខំប្រឹងប្រែងដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសគឺក្តាប់ជាប់ និងតាមដាននូវរាល់សភាពការណ៍នានា នៅតាមបណ្ដោយឆ្នេរជាប់ព្រំដែន និងនៅលើផ្ទៃសមុទ្រ ព្រំដែនសមុទ្រ ដើម្បីធ្វើជាសេនាធិការ បានទាន់ពេលវេលាជូនអាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ ។ ឯកឧត្ដម ក៏បានជំរុញអោយ នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្រ បន្តយកចិត្តទុកដាក់លើការងារបណ្ដុះបណ្ដាល ហ្វឹកហ្វឺនរៀនសូត្រ បំប៉នជំនាញបច្ចេកទេស អប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ការរីកចម្រើនរបស់កងយុទ្ធពលខេមរភូមិន្ទ និងការរីកចម្រើនរបស់ប្រទេសជាតិ បន្តការពារ និងធ្វើការផ្សព្វផ្សាយអប់រំជាប្រចាំនូវការបង្ការ ប្រយុទ្ធ ប្រឆាំងជំងឺកូវិត-១៩ (COVID-19) រួមទាំងការចូលរួមចំនែកជំរុញការងារអភិវឌ្ឍន៍មូលដ្ឋានខេត្តព្រះសីហនុឱ្យក្លាយជាខេត្តប៉ូលសេដ្ឋកិច្ចពហុវិស័យដ៏រឹងមាំ បន្ថែមលើសក្តានុពលវិស័យទេសចរណ៍ ជំរុញការទាក់ទាញវិនិយោគ និងធ្វើការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីធានានិរន្តរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នៅក្នុងឱកាសនោះដែរឯកឧត្ដម សាយ សំអាល់ ក៏បាននាំមកនូវគ្រឿងបរិភោគ និងថវិការ ជូនដល់នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្រ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥មឺុនរៀល ជាមួយគ្នានេះ ឯកឧត្ដម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត ឧបត្ថម្ភក្នុងម្នាក់ ៤មឺុនរៀល បន្ថែមទៀត៕