ព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាលើ ផែនការតបណ្តាញលូ និងការធ្វើកែសម្រួលអូរអេម៉ារីយូ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។ កិច្ចប្រជុំនេះមានការចូលរួមពី មន្ទីរ អង្គភាព អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុន អេម៉ារីយូផងដែរ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា រដ្ឋបាលខេត្តសហការជាមួយគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងអនុញ្ញាតអោយប្រជាជនរស់នៅតាមផ្លូវទាំង ៣៤ខ្សែ ដាក់ពាក្យភ្ជាប់បណ្តាញទឹកកខ្វក់ចូលទៅលូរណបនៅប្របនឹងបណ្តាញលូមេនៅសង្ខាងផ្លូវ។ បន្ទាប់មកនឹងអោយភ្ជាប់បន្តចូលទៅលូមេរបស់សាធារណការនិងដឹកជញ្ជូន។ ដោយឡែកទាក់ទងនឹងការស្តារអូរប្រឡាយក្នុងក្រុង អាជ្ញាធរខេត្ត ក៏បានពិភាក្សាកែសម្រួលឡើងវិញនៅតាមទីតាំងដែលស្ទះចរន្តទឹកហូរមួយចំនួនផងដែរដើម្បីសម្រួលផ្លូវទឹកហូរ ដោះស្រាយការជន់លិចនៅពេលមានភ្លៀងធំ។ ក្នុងនោះអូរអេម៉ារីយ៉ូចំណុចផ្លូវទឹកហូរទៅសមុទ្រនៅផ្នែកខាងលើនៃឆ្នេរហាវ៉ៃ សង្កាត់៣ ក្រុងព្រះសីហនុ នឹងពង្រីកអោយធំជាងមុនកុំអោយស្ទះទឹក។ ចំពោះអូរមេផ្សេងៗទៀត កន្លែងណាដែលស្ទះទឹកហូរដូចជាស្ពានជាដើម នឹងត្រូវកែសម្រួលឡើងវិញដូចគ្នាដែរ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថាបញ្ហាជំនន់ទឹកភ្លៀងជាចំណុចសំខាន់មួយដែលត្រូវពិនិត្យពិភាក្សាដោះស្រាយអោយបានកុំអោយកើតមានដដែលៗនៅពេលមានភ្លៀងធំម្តងៗនាំអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិប្រជាជន។ ឯកឧត្តម សង្កត់ធ្ងន់ថា បញ្ហាជំនន់ទឹកភ្លៀងនៅក្រុងព្រះសីហនុ យើងមិនធានាថាស្តារអូរហើយទឹកលែងលិចនោះទេ ប៉ុន្តែយើងប្រឹងប្រែងអោយអស់ពីលទ្ធភាពដើម្បីដោះស្រាយអោយបានជាអតិបរមា។ ទាក់ទងនឹង ការកែសម្រួល អូរអេម៉ារីយ៉ូ ឯកឧត្តម អភិបាលខេត្តបានស្នើក្រុមហ៊ុន អេម៉ារីយូ ចូលរួមសហការដើម្បី ឱ្យមន្ត្រីបច្ចេកទេសចុះសិក្សាព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនផ្តល់អ្នកបច្ចេកទេសចុះសិក្សាប្រព័ន្ធលូ រួមគ្នាជម្រុញឱ្យមន្ត្រីជំនាញចុះសិក្សាឱ្យបានលឿន ដើម្បីរៀបចំប្លង់មេឈានទៅការស្ថាបនាកាន់តែលឿន និងការរៀបចំលូកាត់ផ្លូវឱ្យបានមុនការចាប់ផ្តើមអ៊ុតកៅស៊ូ នៅពេលខាងមុខ។ តំណាងក្រុមហ៊ុន អេម៉ារីយូ បានស្វាគមន៍នៃការចូលរួមជាមួយអាជ្ញាធរខេត្ត និងយកគម្រោងនេះទៅសិក្សា ដើម្បីរៀបចំមន្ត្រីបច្ចេកទេសចូលរួមសិក្សាជាមួយមន្ត្រីជំនាញខេត្ត រៀបចំប្រពន្ធលូឱ្យបានធំទូលាយ បញ្ចៀសជំនន់ទឹកភ្លៀងរដូវវស្សាក្នុងក្រុងព្រះសីហនុ៕
វុន សុខជា