គ្រាប់ផ្លែត្របែកទុំញ៉ាំហើយប្រថុយនឹង រោគរលាកខ្នែងពោះវៀនមែនឬ………..?

0
46

“រលាកខ្នែងពោះវៀន” ជាអាការដែលគ្មាននរណាម្នាក់ចង់កើតឡើយ ហើយមនុស្សជាច្រើនប្រហែល ជាបានដឹងច្បាស់ ហើយថា វាបណ្ដាលមកពីអាការរលាករបស់ខ្នែងពោះវៀនដែលជាអវយវៈតូចមួយនៅជាប់នឹងចុងពោះវៀនធំ ដែលធ្វើឱ្យយើងឈឺពោះរហូតដល់ត្រូវចូលទៅទទួលយកការវះកាត់នៅឯមន្ទីពេទ្យយ៉ាងបន្ទាន់ទៀតផង ហើយមនុស្សដែលមានភាពប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀននេះមានតាំងពីអាយុ 15 ដល់ 45 ឆ្នាំ ដែលអាចនិយាយបានថា ជាអំឡុងអាយុដែលវែងគួរសម។

មុននឹងទៅមើលថា តើគ្រាប់ផ្លែត្របែកទុំជាដើមចមរបស់រោគរលាកខ្នែងពោះវៀនមែនឬ? យើងនាំគ្នាមកមើលពីមូលហេតុរបស់ការរលាកខ្នែងពោះវៀនជាមុនសិនប្រសើរជាង។

មូលហេតុរបស់រោគរលាកខ្នែងពោះវៀន

រលាកខ្នែងពោះវៀន បណ្ដាលមកពីអាការរលាកដែលកើតឡើងពីកំទេចចំណីអាហារធ្លាក់  ចូលទៅ សម្ងំនៅក្នុងខ្នែងពោះវៀនរយៈពេលយូររហូតវត្ថុរាវ ឬសារធាតុរំអឹលមិនអាចហូរវិលចូលទៅបានតាមប្រក្រតី ទើបកើតជាអាការរលាក ដោយវត្ថុដែលធ្លាក់ចូលទៅក្នុងខ្នែងពោះវៀននោះអាចជាអ្វីមួយ ក៏បានដែរដែលក្រពះ បានបញ្ជូនទៅក្នុងពោះវៀនធំ ដូចជា កម្ទេចចំណីអាហារ សត្វល្អិត ដុំសាច់ដុះ ក្បាលអង្កាម ដុំក្រួស ឬក្រពេញទឹករងៃនៅបរិវេណនោះមានអាការហើមខ្លាំងរហូតធ្វើឱ្យខ្នែងពោះវៀនកៀបជាប់ណែនស្ទះ បង្កឱ្យរលាក និងឆ្លងមេរោគនៅទីបំផុត។

គ្រាប់ត្របែក មូលហេតុចម្បងរបស់រោគពោះវៀនដុះខ្នែង?!

នៅពេលបានដឹងហើយថា អ្វីក៏ដោយដែលរបូតធ្លាក់ចូលទៅញ៉ុកស្ទះក្នុងខ្នែងពោះវៀនរហូតធ្វើឱ្យរលាកនោះ សុទ្ធតែជាមូលហេតុបានទាំងអស់ ដូច្នេះមិនមែនមានតែគ្រាប់ផ្លែត្របែកទុំនោះទេដែលបង្កគ្រោះថ្នាក់ដល់ ការញ៉ុកស្ទះរបស់ខ្នែងពោះវៀននោះ។ មិនថា ចំណីអាហារប្រភេទណា ក៏សុទ្ធតែមានភាពប្រថុយប្រថានទាំងអស់ គ្រាន់តែលក្ខណៈរបស់គ្រាប់ត្របែកវាមានខ្នាត និងភាពរឹងងាយក្នុងការចូលទៅញ៉ុកស្ទះក្នុងរន្ធខ្នែង ពោះវៀនបានស្រួលហ្នឹងឯង។

អាការរបស់រោគរលាកខ្នែងពោះវៀន

ដូចដែលមនុស្សជាច្រើនបានដឹងហើយថា អាការរបស់រោគរលាកខ្នែងពោះវៀនច្រើនតែបង្កឡើងដោយការចុកពោះ អាចនឹងមិនបានចុកពោះនៅលើទីតាំងខាងស្ដាំក្រោមតាំងពីដំបូងតែម្ដងនោះទេ តែអាចនឹងចុកពោះជុំវិញរន្ធផ្ចិតជាមុន បន្ទាប់ពីនោះ 6 – 12 ម៉ោងតមក អាចរំកឹលមកចុកនៅត្រង់ម្ដុំពោះខាងស្ដាំខាងក្រោម តែក៏ធ្លាប់មានខ្លះដែរដែល នឹងចុកនៅម្ដុំកណ្ដាលពោះ ឬខាងស្ដាំលើ អាស្រ័យលើទីតាំងរបស់ខ្នែងពោះវៀនរបស់មនុស្សម្នាក់ៗថា ស្ថិតនៅត្រង់ណា។ រឹតតែអ្នកណាដែលចុកពោះខ្លាំងក្លាទាំងខាងឆ្វេង និងខាងស្ដាំផងនោះ អាចជាសញ្ញាមួយដែលបង្ហាញថា ខ្នែងពោះវៀនអាចនឹងរលាកធ្ងន់ធ្ងររហូតដល់ថ្នាក់ស្អុយរលួយ មានខ្ទុះ ឬបែកធ្លាយខ្ចាត់ខ្ចាយពេញក្នុងពោះ រហូតដល់ចាប់ផ្ដើមឆ្លងមេរោគទៅហើយទៀតផង។

តែមុននឹងចុកពោះខ្លាំងរហូតដល់ត្រូវចូលទៅទទួលយកការវះកាត់បែបបន្ទាន់នោះ វាអាចមានសញ្ញាដាស់តឿនតិចៗ ដែលមនុស្សជាច្រើនអាចមិនដឹងថា វាពាក់ព័ន្ធនឹងអាការខុសប្រក្រតីរបស់ខ្នែងពោះវៀន ទើបធ្វើឱ្យព្រងើយកន្តើយក្នុងការ ចូលទៅពិនិត្យរាងកាយនៅមន្ទីរពេទ្យ។

ដូច្នេះ បើសិនជាអ្នកណាមិនចង់ប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀននោះ ក្រៅពីត្រូវទទួលទានអាហារដោយ ទំពាឱ្យបានល្អិតម៉ដ្ឋមុននឹងលេប និងចៀសវាងការញ៉ាំអាហារណាដែលរឹងៗ ដែលពិបាកក្នុងការកិនរំលាយ របស់ក្រពះ ហើយនោះ ការពិនិត្យសុខភាពប្រចាំឆ្នាំ ពិនិត្យសុខភាពប្រអប់ពោះ និងសង្កេតមើលចំណីអាហារ និងភាពខុស ប្រក្រតីរបស់ខ្លួនឯងជាញឹកញាប់រឿយៗ មិនព្រងើយកន្តើយក្នុងការយកចិត្តទុកដាក់មើលថែទាំខ្លួនឯង ក៏អាចជួយកាត់បន្ថយភាពប្រថុយប្រថាននឹងរោគរលាកខ្នែងពោះវៀនបានដូចគ្នាដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here