បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត២០នាក់ ដង្ហែរគ្នាដើម្បីទាមទារឲ្យភាគីថៃបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើងវិញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តែក្បួនដង្ហែរគ្នានេះ ត្រូវបានសមត្ថកិច្ចបំបែក ដោយសារការដង្ហែរទាមទារ វាខុសទៅនឹងច្បាប់ និងបាននាំខ្លួនជនសង្ស័យម្នាក់ សង្ស័យថា ជាមេខ្លោងមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការទាមទាររបស់ក្រុមដែលពាក់អាវសដោយសរសេរថា “អរគុណសន្តិភាព ខ្ញុំសុំរស់ផង”  គឺពួកគេមានគោលបំណងប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក-ប៉ោយប៉ែត ឡើងវិញ បន្ទាប់ពីភាគីថៃបានបិទដើម្បីការពារការឆ្លងរីករាលនៃជំងឺកូវីត១៩ អស់រយៈពេលជាច្រើនខែ ធ្វើឲ្យពួកគាត់គ្មានការធ្វើ ប៉ះពាល់ជីវភាពដល់ពួកគាត់ ហើយអាជ្ញាធរក៏បានពន្យល់ណែនាំឲ្យពួកគាត់ឲ្យបំបែកគ្នាត្រឡប់ទៅផ្ទះផងដែរ។

ជនសង្ស័យដែលសមត្ថកិច្ចនាំខ្លួនឈ្មោះស៊ីម វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ ដែលលោកវរសីយ៍ឯក ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ថា កំពុងសួរនាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here