អភិបាលខេត្ដព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋពុទ្ធបរិស័ទ បន្ដប្រុងប្រយ័ត្នខ្ពស់ រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

517

(ព្រះសីហនុ)៖ នៅថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងមន្ត្រីមន្ទីរ អង្គភាព ស្ថាប័ននានាក្នុងខេត្ដ អញ្ជើញនាំយកចង្ហាន់បិណ្ឌបាត និងទេយ្យទានចូលរួមកាន់បិណ្ឌ១១ នៅវត្តរតនសាគរម៉ាអូ និងវត្តសាគរអូរជ្រៅ ស្ថតិក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

នោក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិខ្មែរ ដែលបុព្វបុរសខ្មែររៀបចំប្រារព្ធឡើងដើម្បីឧទ្ទិសដល់បុព្វបេតបុគ្គលជាអ្នកមានគុណ បងប្អូន ញាតិសន្តាន និងបុព្វបុរសទាំងឡាយ ដែលចែកឋានទៅកាន់បរលោកហើយ។ ក្រោមដំបូលសន្ដិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការដើរហើរ និងធ្វើបុណ្យទានទៅតាមទំនៀមទម្លាប់ប្រពៃណី និងសាសនា។ សន្ដិភាព បានផ្ដល់នូវសន្ដិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្មនា និងបានផ្ដល់ឱកាសដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ដែលជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ សូមបន្ដរួមគ្នាថែរក្សាសុខសន្ដិភាព ដែលមានសព្វថ្ងៃនេះឱ្យបានល្អប្រសើរ ដើម្បីបន្ដការភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនថែមទៀត និងកុំភ្លេចរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នាឱ្យមានប្រសិទ្ធភាព។

 

ជាមួយគ្នានោះដែរ ឯកឧត្ដម ក៍បានពាំនាំសារអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ដប្រគេនព្រះសង្ឃ និងជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ថា៖ (សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជេល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩ ឱ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ)។ 

ទន្ទឹមនឹងនោះ ឯកឧត្ដម ក៍បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនកិច្ចសហការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

 

សូមបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភនូវ ស៊ីម៉ង់ត៍៥០តោន ជូនដល់ព្រះចៅអធិការវត្ត រតនសាគរម៉ាអូ ឃុំបឹងតាព្រហ្ម ក្នុងការធ្វើផ្លូវបេតុង ក្នុងនោះដែរក្រុមហ៊ុន ហេង ហ៊ី សឹហនុវិល ប្រតឹធី ឯ.ក បានប្រគេនូវថវិការចំនួន២ម៉ឺនដុល្លារ ក្នុងការសងនូវថ្លៃធ្វើផ្លូវបេតុងកន្លងមក ដល់ព្រះចៅអធិការវត្តរតនសារគម៉ាអូ ផងដែរ ។