(ភ្នំពេញ)៖ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពី០៥ឆ្នាំមុន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យ ឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤០ឆ្នាំ ជាប់ពាក់ព័ន្ធ ក្នុងករណីរឹតកសម្លាប់ បុរសម្នាក់ជាមិត្តភក្តិស្គាល់គ្នា រួចយកទៅបោះចោលនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមាន រថយន្ដកាមេរី០១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើស និងណូគាពីរគ្រឿង ខ្សែកខ្សែដៃ និងចិញ្ជៀនពេជ្រ០១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួន រហូតបានសម្រេច ក្រោយពីជនសង្ស័យរូបនេះ គេចខ្លួនអស់រយៈពេល០៥ឆ្នាំ។

គួររំលឹកផងដែរថា កាលពី០៥ឆ្នាំមុន មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ ព្រោះតែសាកសពមានសភាពហើមប្រែខុសរូបដើម។ ក្រោយមកតាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណ ជនរងគ្រោះបានថា មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយបន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតករ ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ផងដែរ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល០៥ឆ្នាំ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមិនដែលបោះបង់ ការតាមប្រម៉ាញ់ឃាតកម្តងណាទេ គ្រាន់តែវិធានការតាមប្រម៉ាញ់របស់សមត្ថកិច្ច មិនអាចត្រូវបានយកមកផ្សព្វផ្សាយ ឬអួតបង្ហាញតាមបណ្ដាញសង្គមហ្វេសប៊ុកបានឡើយ ជាក់ស្តែងជនសង្ស័យដែលគេចខ្លួនអស់រយៈពេល៥ឆ្នាំខាងលើ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវដឹងថា សម្ងំលាក់ខ្លួននៅខេត្តតាកែវ ទើបកម្លាំងជំនាញបានទៅសហការជាមួយអាវុធហត្ថខេត្តតាកែវ ដោយស្ងប់ស្ងាត់ តាមចាប់ជល្មើសបានសម្រេចតែម្តង។ ហេតុដូច្នេះហើយទើប សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់មហាជន សូមមេត្តា កុំវាយស្មៅបង្អើលពស់ កុំគោះទឹកបង្អើលត្រី តាមរយៈការតាំងខ្លួនជាអ្នកឈឺឆ្អាលជួសគ្រួសារជនរងគ្រោះ បង្ហោះសារសួររកឃាតករតាមអារម្មណ៍ផ្ទាល់ខ្លួន និងប្រមាថដល់សមត្ថកិច្ច ដែលមិនទាន់អាចស្វែងរកឃាតករឃើញ ដែលប្រការនេះ គឺជាការពញ្ញាក់ជនល្មើស ឲ្យរឹតតែប្រុងប្រយ័ត្ន រឹតតែពួនកាន់តែស្ងាត់ និងរឹតតែរត់គេចកាន់តែឆ្ងាយ ប៉ះពាល់ដល់ចំណាត់ការ របស់សមត្ថកិច្ច ទៅវិញទេ។ «ចូរចាំថា កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ» ហើយអាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋ មានរយៈពេល១៥ឆ្នាំ បើដរាបណាមិនទាន់ផុតអាជ្ញាយុកាលទេ កុំទាន់ចាត់ទុកថា ជនល្មើសបានរួចខ្លួន ដូច្នេះបើបងប្អូន បានដឹងដំណឹងជនល្មើស សូមចូលរួមសហការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីអនុវត្តច្បាប់ដោយមិនលើកលែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here