ប្រិយមិត្តធ្លាប់ឮពាក្យគេនិយាយថាទំនាក់ទំនងបង្កើតលុយដែរឬទេ? វាជាការពិតណាស់ទំនាក់ទំនងពិតជាបង្កើតលុយមែន បើអ្នករាប់អានមនុស្សត្រូវ មនុស្សដែលខ្លឹម ហើយមានចំណេះដឹង។ ជោគជ័យមិនមែនកើតឡើងឯកឯងទេ។ ការពិត មានកត្តាមួយចំនួនដែលនាំសហគ្រិនទៅរកជោគជ័យ។ ការប្រឹងប្រែងនិងកម្លាំងចិត្តតែងតែជាកត្តាចាំបាច់សម្រាប់ជោគជ័យសហគ្រិន ប៉ុន្តែដំណើរអភិវឌ្ឍផ្ទាល់ខ្លួនរបស់លោកអ្នកក៏ទទួលរងឥទ្ធិពលច្រើនពីមនុស្សដទៃដែរ។
មនុស្សដែលយើងជ្រើសរើសរាប់អានតែងតែមានឥទ្ធិពលលើរបៀបដែលយើងគិត និងធ្វើការរាល់ថ្ងៃ។ នៅក្នុងរបៀបជាច្រើន ជោគជ័យសហគ្រិនកំណត់ដូចរៀបជោគជ័យក្នុងផ្នែកផ្សេងទៀតនៃជីវិតដែរ។ កីឡាករម្នាក់ទទួលបានជោគជ័យដោយសារមនុស្សជុំវិញខ្លួនគេជួយរុញច្រាននិងលើកទឹកចិត្ត មិនមែនដោយសារមនុស្សដែលរំខាននិងចាំតែមើលបំណាំនោះទេ។
ក្នុងនាមជាសហគ្រិន លោកអ្នកត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង។ ការរាប់អានជាមួយប្រភេទមនុស្សត្រូវ អាចជួយឱ្យជោគជ័យកើតឡើងយ៉ាងងាយស្រួលជាការរាប់អានមនុស្សខុស។ ខាងក្រោមនេះជាប្រភេទមនុស្សដែលលោកអ្នកគួរតែរាប់អាន ដើម្បីទទួលបានជោគជ័យ៖
១. អ្នកធ្វើការមិនខ្លាចនឿយហត់ លោកអ្នកប្រហែលស្គាល់មនុស្សដែលជាអ្នកធ្វើការមិនខ្លាចនឿយហត់ហើយ ឬមួយខ្លួនលោកអ្នកផ្ទាល់ជាមនុស្សប្រភេទនោះស្រាប់។ មនុស្សប្រភេទនេះរុញច្រានលោកអ្នកឱ្យខិតខំធ្វើការរាល់ថ្ងៃ។ ទោះបីការវាស់ស្ទង់ជោគជ័យខ្លួនឯងជាមួយជោគជ័យអ្នកដទៃដូចគ្នាទៅនឹងការប្រៀបធៀបផ្លែក្រូចជាមួយនឹងផ្លែប៉ោម ក៏យើងអាចវាស់ស្ទង់កម្លាំងចិត្តរបស់យើងជាមួយនឹងកម្លាំងចិត្តរបស់មនុស្សដែលពូកែធ្វើការដែរ។ មហិច្ឆតានិងការប្តេជ្ញាពិតប្រាកដនឹងបង្កើតបានជាពាណិជ្ជកម្មដែលជោគជ័យ។
២. មនុស្សមានឥរិយាបថវិជ្ជមាន មនុស្សច្រើនតែធ្វើការងារបានប្រសើរប្រសិនបើគេសប្បាយចិត្ត។ ឥរិយាបថអវិជ្ជមានអាចអូសទាញទម្លាក់សីលធម៌ការងារ ហើយក៏មិនបានផ្តល់កម្លាំងចិត្តអ្វីដល់ជោគជ័យឬគំនិតច្នៃប្រឌិតនោះទេ។ ការរាប់អានជាមួយមនុស្សដែលគិតអវិជ្ជមានអាចរាំងស្ទះគំនិតច្នៃប្រឌិតនិងកម្លាំងចិត្តរបស់លោកអ្នក ហើយក៏អាចជារឿងគ្រោះថ្នាក់សម្រាប់ពាណិជ្ជកម្មរបស់លោកអ្នកដែរ។ មនុស្សដែលមានឥរិយាបថវិជ្ជមានអាចបង្កើតឥទ្ធិពលផ្ទុយពីនេះ គឺគេជួយរុញច្រានលោកអ្នកឱ្យហ៊ានប្រថុយហក់លោតទៅរកជោគជ័យកាន់តែច្រើន។ ការនាំយកភាពរីករាយចូលក្នុងកន្លែងធ្វើការនឹងជួយធ្វើឱ្យមនុស្សទាំងអស់សម្លឹងទៅរកលទ្ធផលល្អៗនៅក្នុងពេលអនាគត។
៣. មនុស្សដែលពូកែសួរសំណួរ លោក Albert Einstein ធ្លាប់និយាយថា «រឿងដែលសំខាន់គឺមិនត្រូវឈប់សួរសំណួរទេ។» ក្នុងនាមជាសហគ្រិន យើងគួរតែសួរសំណួរជាប្រចាំអំពីខ្លួនឯងនិងពាណិជ្ជកម្មរបស់យើង។ ទោះជាយ៉ាងណា គ្មានមនុស្សណាម្នាក់គិតគ្រប់សំណួរដែលសំខាន់ទាំងអស់នោះទេ។ មនុស្សដែលសួរសំណួរអាចផ្តល់ជ្រុងផ្សេងៗនៃការសម្លឹងមើលបញ្ហាមួយឬគំនិតមួយ ហើយសំណួរដែលគេសួរអាចនាំទៅរកគំនិតច្នៃប្រឌិតថ្មីនៅក្នុងពាណិជ្ជកម្ម។ ទស្សនៈជាអ្វីៗទាំងអស់នៅក្នុងពាណិជ្ជកម្ម។
៤. មនុស្សពូកែសុបិន មនុស្សដែលមិនមែនជាសហគ្រិននឹងចាត់ទុកសហគ្រិនថាជាអ្នកសុបិន។ ទោះជាយ៉ាងណា យើងយល់ថាការកំណត់គោលដៅនិងការប្រឹងប្រែងធ្វើការនឹងជួយសម្រេចគោលដៅដែលយើងគិតថាអាចសម្រេចបាន។ ដើម្បីរក្សាកម្លាំងចិត្តបែបនេះទៅមុខជានិច្ច យើងគួរតែរាប់អានជាមួយមនុស្សដែលមានគោលដៅស្រដៀងគ្នាក្នុងចិត្ត។ មនុស្សពូកែសុបិនទាំងនេះមិនចាំបាច់ត្រូវតែជាមនុស្សដែលធ្វើការក្នុងឧស្សាហកម្មដូចគ្នានោះទេ។ រឿងដែលសំខាន់គឺលោកអ្នកត្រូវរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមនុស្សដែលមានផែនការធំសម្រាប់ខ្លួនឯង។ ការមើលឃើញកម្លាំងចិត្តរបស់អ្នកដទៃនឹងធ្វើឱ្យលោកអ្នកស្រេកឃ្លានចង់សម្រេចគោលដៅរបស់ខ្លួនឯងដែរ។