ពិភពលោកកំពុងផ្លាស់ប្ដូរ និងវិវត្តទៅរកភាពជឿនលឿននៃវិស័យបច្ចេកវិទ្យា ក្នុងនោះបណ្ដាញសង្គមទំនាក់ទំនងក៏បានចូលរួមយ៉ាងខ្លាំងផងដែរ។ សង្កេតឃើញ មិនថា បុគ្គល ឬជាស្ថាប័ន ក្រុមហ៊ុន ឬអង្គការ នោះទេ ពួកគេសុទ្ធតែប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ជាក់ស្ដែងមាន Facebook នេះជាដើម ក្នុងការ ផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ខ្លួន ដើម្បីបង្កើនការលក់ និងពង្រីកអាជីវកម្ម ទៅដល់មនុស្សរាប់ពាន់ រាប់ម៉ឺន ឬរហូតរាប់លាននាក់បានដឹងក្នុងពេលដ៏ឆាប់រហ័ស និងងាយស្រួល។
Facebook បានក្លាយជាផ្នែកមួយនៃវេទិកាដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការដើរទីផ្សារ ឬធ្វើម៉ាឃីតធីងតាមបែបអនឡាញ។ មិនត្រឹមតែសហគ្រាសប៉ុណ្ណោះទេ តែក្រុមហ៊ុនតូចៗ ក៏កំពុងទាញយកអត្ថប្រយោជន៍ពីឱកាសទីផ្សារដែលលោក Mark Zuckerberg បានផ្ដល់ដល់ពិភពលោក តាមរយៈបណ្ដាញសង្គម Facebook។ អាជីវកម្មអាចបង្កើនចំនួនអតិថិជន ឬអ្នកគាំទ្ររបស់ពួកគេ ដោយប្រើទំព័រអាជីវកម្ម Facebook។ អ្នកគាំទ្រទាំងនេះ មិនត្រឹមតែស្មោះត្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការរួមចំណែកយ៉ាងសកម្មតាមរយៈបណ្ដាញទំនាក់ទំនងសង្គម។ ខាងក្រោមនេះ គឺជា គន្លឹះ Facebook ៦យ៉ាងមានអត្ថប្រយោជន៍សម្រាប់ការធ្វើ Marketing អនឡាញទៅលើអាជីវកម្មរបស់អ្នក៖
១. បង្កើត និងបង្ហោះមាតិកា ទាំងឡាយដែលអ្នកប្រើបណ្ដាញ Facebook កំពុងចង់ស្វែងរក មនុស្សចូលរួម (join) ក្នុងទំព័រហេ្វសប៊ុកអាជីវកម្ម (Business Facebook Page) គឺដោយសារមូលហេតុផ្សេងៗ។ អ្វីដែលសំខាន់បំផុតនោះ គឺពួកគេចង់ដឹងពីអ្វីដែលជាម៉ាកផលិតផលពិតរបស់អ្នកកំពុងមាន និងផលិតផលដែលអ្នកមានសម្រាប់លក់ឱ្យអតិថិជន ហើយក៏ដើម្បីយកទៅប្រៀបធៀបនឹងផលិតផលដទៃ ទាំងគុណភាព និងតម្លៃ។ និយាយឱ្យខ្លី ពួកគេមានបំណងចង់ទទួលបានព័ត៌មានទាំងអស់អំពីម៉ាកយីហោ ដោយការរំកិលចុះក្រោមនៅក្នុងទំព័រអាជីវកម្មរបស់អ្នក។
ដូច្នេះ យុទ្ធសាស្ត្រទីផ្សារដំបូងដែលត្រូវការសម្រាប់ម៉ាឃីតធីងអនឡាញតាម Facebook គឺការផ្ដល់មាតិកាដល់មនុស្សតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងគ្នា។ ការផ្ដល់ជូននូវការបង្ហោះវីដេអូ និងរូបថត ស្របច្បាប់ គឺជាការចាំបាច់មួយ ហើយគួរតែត្រូវបានធ្វើដើម្បីរក្សា Page និងដើម្បីឱ្យមានសកម្មភាពជាប់របស់អ្នកបានចុច Like ឬ Follower។
២. បណ្ដុះបណ្ដាលបុគ្គលិក ក្រុមហ៊ុនឈ្មោះ Stella & Dot ផ្ដល់វេទិកាអាជីវកម្មសហគ្រិន (entrepreneurial business platform) ដល់ស្ត្រី ដែលធ្វើការពីផ្ទះ។ ទំព័រ Facebook របស់ក្រុមហ៊ុននេះ មានអ្នកគាំទ្រ (ចំនួន Like) ប្រហែល 160.000 នាក់ ដែលនិយាយអំពីផលិតផលផ្សេងៗគ្នា និងចែករំលែកគំនិត អំពីម៉ូតទាន់សម័យ និងស្ទីលថ្មីៗ។
អ្វីដែលធ្វើឱ្យវាខុសគ្នា គឺវិធីដែលគេ ហ្វឹកហាត់ក្រុមបុគ្គលិករបស់ពួកគេ។ នៅពេលក្រុមការងារ ត្រូវបានដាក់ពង្រាយឱ្យបម្រើសេវាដល់អតិថិជនទូទាំងប្រទេស ពួកគេបង្កើតវីដេអូបង្ហាញ អំពីផលិតផលនីមួយៗ ដើម្បីជាការបណ្ដុះបណ្ដាលគ្នា។ វិធីនេះ អ្នកទិញអាចមើលឃើញច្បាស់ ហើយនឹងដឹងថា តើផលិតផលណាដែលគេគួរប្រើប្រាស់យ៉ាងដូចម្ដេច។
៣. ការប្រើពាក្យពេចន៍ឃោសនា និយាយឱ្យមានភាពងាយស្រួលយល់ មនុស្សជាទូទៅជឿទុកចិត្តលើរឿងជាច្រើន នៅពេលដែលខ្លួនធ្លាប់ឆ្លងកាត់ ឬត្រូវបានចែករំលែកប្រាប់ដោយមិត្តភ័ក្ដិជុំវិញ។ នៅពេលរូបថត ឬវីដេអូ នៃផលិតផលមួយត្រូវបានចែករំលែក (share) ដោយមិត្តភ័ក្ដិ (friend) ម្នាក់នៅលើ Facebook មនុស្សនឹងកាន់តែមានទំនោរចង់ទិញផលិតផលនោះ។ Facebook ជួយដល់អាជីវកម្មដើម្បីធ្វើវាឱ្យកាន់តែងាយស្រួល។ មូលដ្ឋានអ្នកគាំទ្រ (Fan) អាចត្រូវបានបង្កើតឡើងដោយការប្រើ Facebook សូម្បីតែមុនពេលចាប់ផ្ដើមអាជីវកម្មក៏ដោយ។
ពាក្យល្អៗ ចេញពីមាត់ គឺអាចបង្កើនការយល់ដឹងអំពីម៉ាកយីហោ ហើយនៅទីបំផុត ការលក់របស់ក្រុមហ៊ុនក៏នឹងរីកលូតលាស់ទៅតាមនោះដែរ។ ហាងអៀរឡង់ Brendan’s Irish ដែលមានមូលដ្ឋាននៅ Camarillo, CA បានទាញយកអត្ថប្រយោជន៍ពីតិកនិកនេះ ហើយបង្កើតទំព័រអ្នកគាំទ្រអាជីវកម្ម (business fan page) វាបង្កើតឱ្យមានការភ្ញាក់ផ្អើល គឺចំនួនអតិថិជនបានកើនឡើង។ ពួកគេថែមទាំងទទួលបានការបញ្ចេញមតិពីអ្នកគាំទ្រ អំពីការបើកសម្ពោធហាងថ្មីឆាប់ៗខាងមុខ ដើម្បីជាការបញ្ជាក់ប្រាប់ឱ្យសាធារណជនបានដឹងជាមុន និងត្រៀមខ្លួនចូលរួមឱ្យបានច្រើន។
៤. ធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនិយាយឆ្លងឆ្លើយដាក់គ្នា អ្នកអាចប្រាប់អ្នកគាំទ្ររបស់អ្នក អំពីតម្លៃអស្ចារ្យ ដែលក្រុមហ៊ុនអ្នកមាន ឬផលិតផលសម្រាប់ផ្ដល់ឱ្យអតិថិជន ប៉ុន្តែការធ្វើទីផ្សារ នឹងបង្កើនពេលវេលាច្រើន នៅពេលអ្នកគាំទ្ររបស់អ្នកចាប់ផ្ដើមនិយាយគ្នាទៅវិញទៅមក។ អ្នកអាចចង្អុលបង្ហាញអ្នកចូលរួមចម្បង ចំពោះទំព័រអ្នកគាំទ្រ ហើយអាចដាក់ការយកចិត្តទុកដាក់លើពួកគេ ដោយគ្រាន់តែចាប់ផ្ដើមកម្មវិធីដូចជា “អ្នកគាំទ្រប្រចាំខែ” (fan of the month)។ នេះនឹងជំរុញអ្នកគាំទ្រកាន់តែច្រើនឡើង ហើយពួកគេនឹងចូលរួមចំណែកយ៉ាងសកម្ម។
៥. ផ្ដោតលើម៉ាកយីហោ ទំព័រហ្វេសប៊ុករបស់អ្នកគួរតែមានពិពណ៌នានូវព័ត៌មាន ដែលចង់ផ្ដល់ឱ្យ Followerបានដឹង អំពីម៉ាកយីហោរបស់អ្នក។ វាអាចដើរតួជាឧបករណ៍ផ្សាយពាណិជ្ជកម្មដើម្បីបង្កើតការយល់ដឹងអំពីយីហោ។ ដូច្នេះការផ្ដោតលើម៉ាកយីហោ ក៏ជាធាតុសំខាន់មួយផងដែរ ម្យ៉ាងក៏ធ្វើឱ្យម៉ាកយីហោរបស់អ្នកកាន់តែអាចចូលជ្រៅទៅក្នុងគំនិតអ្នក Follow។