ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់កម្ចីជាង២៩លានដុល្លារ គាំទ្រការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

 (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាតាមរយៈ កំណែទម្រង់សំខាន់ៗ  ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេស នៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ ទី២៣ ខែកញ្ញានេះ។

ADB បានបញ្ជាក់ថា ការផ្តល់កម្ចីនេះ គឺជាកម្មវិធី ទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការ រួមមានប្រាក់កម្ចី ផ្តោតលើគោលនយោបាយចំនួន ២០ លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋបាលមូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ។ វាក៏រួមបញ្ចូល ប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩.៣៥ លានដុល្លារ ដើម្បីជួយកសាងសាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះចំនួន ១.៧ លានដុល្លារផងដែរ។

អ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងវិស័យសាធារណៈ របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Jhelum Thomas បានលើកឡើងថា «គម្រោងនេះមានគោលបំណងជួយដល់រដ្ឋបាលមូលដ្ឋាននៅទូទាំង ប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋាន ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទ និងទីប្រជុំជនផងដែរ។ គម្រោងនេះ ចាំបាច់ណាស់ ខណៈដែលជំងឺ រាតត្បាតកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បានផ្លាស់ទី ពីទីក្រុងទៅជនបទ។ ប្រការនេះនឹងនាំដល់ សម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់ជំនួយសង្គមនិងសេវាកម្មចំបាច់ដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ ទឹក និងអនាម័យ ដើម្បីគាំទ្រដល់ការរីកចម្រើនណើន ប្រកបដោយបរិយាប័ន្ន និងសមធម៌»

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេ សកម្ពុជា បានកើនឡើង ៨% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ កាត់បន្ថយភាពក្រីក្រមកនៅត្រឹម ១៣.៥% ក្នុងឆ្នាំ ២០១៤ ពី ៤៧,៨% ក្នុងឆ្នាំ ២០០៧។ ប៉ុន្តែពលរដ្ឋកម្ពុជាជាង ៧០% រស់នៅជាមួយចំណូលតិចជាង ៣ ដុល្លារក្នុងមួយថ្ងៃ ហើយការទទួលបានសេវាមូលដ្ឋានក៏មិនទានស្មើគ្នា។ គ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រឈម ហានិភ័យ ធ្ងន់ធ្ងរខណៈដែលមានជំងឺរាតត្បាត កូវីដ១៩ ដែលបាននាំ ឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៃវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាកនៃជីវភាពរស់នៅ។

កម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ នឹងបំពេញបន្ថែមលើ កម្មវិធីទី១ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ បានធ្វើវិមជ្ឈការ ដែលកំពុងតែមានដំណើរការ។ វានឹងជួយ ពង្រឹងការសម្របសម្រួលការងារ និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីទទួលបាន ការផ្តល់សេវាកម្ម ដែលឆ្លើយតប នឹងតម្រូវការ ប្រកបដោយការទទួលខុសត្រូវ ដែលរួមបញ្ចូលនូវការពង្រឹងផែនការ ថវិកា សវនកម្ម និងមុខងារអ្នកស៊ើបអង្កេត ជាយុទ្ធសាស្រ្ត ។ វាក៏នឹងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងចំណូលនិង ចំណាយ ដើម្បីឆ្លើយតបនឹង តម្រូវការក្នុងមូលដ្ឋាន និងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេល វែង របស់មន្រ្តីរដ្ឋបាលមូលដ្ឋាន។ គម្រោងនេះនឹងគាំទ្រដល់ការសាងសង់និងដំណើរការនៃសាលារដ្ឋបាល មូលដ្ឋានជាតិថ្មី ដែលនឹង ផ្តល់នូវការអភិវឌ្ឍជំនាញ តាមរចនាសម្ព័ន្ធ សម្រាប់មន្រ្តីរដ្ឋបាលមូលដ្ឋាន។

រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិមជ្ឈការក្នុងឆ្នាំ ២០០១។ រដ្ឋបាលថ្នាក់ក្រោមជាតិបន្តប្រឈម មុខនឹងបញ្ហានៃភាពខ្សោយក្នុងការធ្វើផែនការថ្នាក់ក្រោមជាតិ ការគ្រប់គ្រងចំណូល និងចំណាយមិនសូវមានប្រសិទ្ធភាព និងការអភិវឌ្ឍជំនាញមន្រ្តីសាធារណៈ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ការគាំទ្រ យ៉ាងទូលំទូលាយ ដល់កំណែទម្រង់វិមជ្ឈការរបស់ ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០២ ដូចជាការគាំទ្រដល់កំណែទម្រង់ច្បាប់ គោលនយោបាយ និង ស្ថាប័ន។ នៅចន្លោះឆ្នាំ ២០០២ និងឆ្នាំ ២០១២ ការចូលរួម របស់ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តោតលើ ការពង្រឹងក្រុមប្រឹក្សាឃុំសង្កាត់  និងការពង្រីកសេវាកម្មនៅតាមតំបន់ជនបទ។ ចាប់តាំងពីឆ្នាំ ២០១២ មកការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តោតលើការពង្រឹង ការសម្របសម្រួលការងារ របស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌច្បាប់ ស្ថាប័ន និងការកំណត់តួនាទីនិងភារកិច្ចក្នុងការផ្តល់សេវា។ គម្រោងថ្មីនេះ គឺស្របទៅនឹងអាទិភាព ដែលបានដាក់ក្នុងយុទ្ធសាស្ត្រភាពជាដៃគូ របស់ ADB សម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣៕