យុវជនម្នាក់ឆក់ ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយព្យាយាមគេចខ្លួន ត្រូវកម្លាំងខណ្ឌដង្កោព័ទ្ធក្របួចបានភ្លាមៗ

 (ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤:០៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្ទុបបាគូតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ គង់ សុវីន អាយុ ២២ ឆ្នាំ មុខរបបលក់ស្រាក្រឡុកស្នាក់នៅភូមិបាគូ សង្កាក់ដង្កោ ខណ្ឌដង្កោ។ ចំណែក ជនសង្ស័យម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មករា តុលា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅ ភូមិ ដូនវង់ ឃុំទ្រា ស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល។

តាមសម្ដីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុរូបនាងបានជិះម៉ូតូម៉ាក HONDA Beat ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1HX- 6673 តែម្នាក់ឯងចេញពីផ្ទះ គោលបំណងទៅកន្លែងផ្ញេីលុយ ដេីម្បីផ្ញេីលុយទៅអ្នកផ្ទះឯងស្រុក។ លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានជនសង្ស័យខាងលេីជិះម៉ូតូមួយគ្រឿង ម៉ាក Honda សេ១២៥ ស៊េរី ឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AD-7579 តែម្នាក់ឯងរួចធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃពីរូបនាងបានសម្រេច។

ភ្លាមៗនោះ ជនរងគ្រោះក៏ស្រែកចោរៗ ធ្វេីឲ្យផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងជិះល្បាត បានចាប់ខ្លួនជនសង្ស័យខាងលេីភ្លាមៗតែម្ដង។ ក្នុងករណីនេះ សមត្ថកិច្ចបានចាប់យកម៉ូតូ ១គ្រឿង របស់ជនសង្ស័យ និងទូរស័ព្ទដៃមួយគ្រឿង លុយ៨០ដុល្លាររបស់នារីរងគ្រោះ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលេីបានហេីយ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដេីម្បីធ្វេីពាក្យបណ្ដឹង និងប្រគល់ទូរស័ព្ទព្រមទាំងលុយ នៅក្នុងស្រោមទូរស័ព្ទ ឲ្យទៅនារីរងគ្រោះវិញ និងធ្វេីការសាកសួរទៅលេីជនសង្ស័យ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមច្បាប់៕