ការព្រួយបារម្ភលេចឡើង៖ «ត្រាំ នឹងមិនព្រមចុះចេញពីអំណាចងាយៗឡើយ ក្រោយពេលលោកចាញ់ឆ្នោត»

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតនៅតែប្រកាន់ជំហរដដែល ដោយមិនបានសន្យាឡើយថា នឹងផ្ទេរអំណាចដោយសន្តិវិធី ដែលប្រការនេះកំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា លោកអាចនឹងក្រាញននាលមិនព្រមចុះចេញពីតំណែង នៅពេលចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃ ព្រហស្បតិ៍

ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ការលើកឡើងបែបនេះរបស់ លោក ត្រាំ ធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំនួរអ្នកដែលសួរថា តើលោកនឹងផ្ទេរអំណាចដោយសន្តិវិធីដែរឬទេ ប្រសិនបើ លោកចាញ់ លោក ចូ បៃដិន នៅក្នុងការបោះឆ្នោត? លោក ត្រាំ បានគូសបញ្ជាក់តបវិញយ៉ាងដូច្នេះថា «យើងនឹងបានឃើញ នូវអ្វីដែលនឹងកើតឡើង។ អ្នកទាំងអស់គ្នាបានដឹងហើយថា ខ្ញុំជំទាស់យ៉ាងខ្លាំងនឹងការបោះឆ្នោតតាមប្រៃសនីយ៍ ហើយការបោះឆ្នោតបែបនេះ នឹងនាំឱ្យមានការក្លែងបន្លំសន្លឹកឆ្នោត»

គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន បច្ចុប្បន្ន លោក ចូ បៃដិន បាននិងកំពុងនាំមុខ លោក ដូណាល់ ត្រាំ ដោយមានឱកាសខ្ពស់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ខណៈ លោក ត្រាំ កំពុងរងការរិះគន់កាន់តែខ្លាំង ជុំវិញការដោះស្រាយវិបត្តិ COVID-19 ដែលផ្ដាច់ជីវិត ប្រជាជនអាមេរិកច្រើនជាង ២ សែននាក់។ ទោះជាបែបនេះក្តី អ្នកជំនាញមួយចំនួនយល់ថា ចង់ផ្ដួលប្រធានាធិបតី អាមេរិកម្នាក់កំពុងកាន់អំណាច គឺមិនមែនជារឿងងាយស្រួលឡើយ ខណៈដែល លោក ត្រាំ ក៏កំពុងរិះរកវិធីក្នុងការបង្កើនប្រជាប្រិយភាពខ្លួនឯងផងដែរ ក្នុងនោះមានដូចជាការអភិវឌ្ឍវ៉ាក់សាំង COVID-19 ឲ្យទាន់ពេល និងជាពិសេសនោះគឺសង្គ្រាមពាណិជ្ជកម្មជាមួយចិន៕