ព្រះសីហនុ: នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តព្រះសីហនុ និង លោកជំទាវ ព្រមទាំងមន្ត្រីអមដំណើរបាន អញ្ជើញជាកិតិ្តយសក្នុងពិធីប្រគល់អំណោយ របស់ក្រុមហ៊ុន កាស៊ីណូ Liberty Goddes( នារីសន្តិភាព) ប្រគល់ ជូនអង្គការម្លប់តាប៉ាង  ខេត្តព្រះសីហនុ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន  បាន នាំយកនូវការសាកសួរសុខទុក្ខពី សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ អង្គការម្លប់តាប៉ាង ក៏ដូចជាប្អូនៗកុមារកំព្រា គ្មានទីពឹងដែលរស់នៅក្រោមការគ្រប់គ្រងអង្គការម្លប់តាប៉ាង ទាំងអស់ដោយក្តីនឹករឭកអាណិតអាសូរស្រឡាញ់ ចំពោះប្អូនកុមារទាំងអស់ផងដែរ។

ទន្ទឹមនឹងនេះឯកឧត្ដម អភិបាលខេត្ត ក៏បានសំណូមពរដល់អង្គការម្លប់តាប៉ាង ត្រូវបង្កើនក្នុងការជួយដល់បងប្អូនកុមារកំពរា ក្មេងអនាថា ជនក្រីក្រ្ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបន្ថែមទៀត ហើយ អាជ្ញាធរខេត្តនឹងបន្តស្វែងរកសប្បុរស ជននានាដើម្បីជួយដល់អង្គការ ដើម្បីជួយដល់ប្អូនៗកុមារកំពុងមានការខ្វះខាតនៅក្នុង អង្គការផងដែរ។

សូមជម្រាបថា អំណោយពីសប្បុរសជន ប្រគល់ជូនអង្គការម្លប់តាប៉ាងនាពេលនេះរួមមាន អង្ករ ២.៥តោន  ម៉ាស ១៥,០០០ ប៊ិច ៥ពាន់ដើម សៀវភៅ ពាន់ក្បាល និង ថវិកា ៥,០០០ ដុល្លារ៕