ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធបន្តចុះត្រួតពិនិត្យនិងជម្រុញការងារសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅក្នុងនបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា មន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះមានសារៈសំខាន់ណាស់ មិនត្រឹមតែពិនិត្យវិភាគទៅលើជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ គឺថែមទាំងអាចធ្វើការពិនិត្យវិភាគទៅលើជំងឺឆ្លងផ្សេងៗទៀតបានផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងគម្រោងសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ រដ្ឋ បាលខេត្តព្រះសីហនុ នឹងដឹកនាំការសាង សង់អាគារ ចំណែកផ្នែកម៉ាសុីន ឧបករណ៍ បរិក្ខារបំពាក់ផ្សេងៗសម្រាប់ពិនិត្យ វិភាគ បានការឧបត្ថម្ភពីប្រទេសចិន។ ក្រោយការការសាងសង់អាគារមន្ទីរពិសោធន៍នេះរួច រាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការ ពិនិត្យ វិភាគជំងឺទូទៅ ពិសេស ជំងឺឆ្លង ដូចជា ជំងឺកូវីដ-១៩ ជាដើម។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកវិនិយោគ ធុរជនជាតិ អន្តរជាតិ នៅក្នុងខេត្ត ព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយ ពេលយកទៅវិភាគនៅភ្នំពេញដូចមុនទៀតឡើយ។
នៅព្រឹកដដែលនេះដែរ បន្ទាប់ពីពិនិត្យការសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្រ្តរួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ចុះផ្សព្វផ្សាយផ្ទាល់ដល់អាជីវករលក់សំបុត្រទូក អូរប័រ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមានបំណងធ្វើដំណើរទៅកាន់បណ្តាកោះនានាក្នុងខេត្ត ព្រះសីហនុ អោយមានការយកចិត្តទុកដាក់ចំពោះបញ្ហាការប្រែប្រួលអាកាសធាតុតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដោយបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ជៀសវាងកើតមានគ្រោះថ្នាក់ដោយប្រការណាមួយ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ ក៏បានដាក់ចេញនូវបទបញ្ជាជាថ្មីដល់សមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធត្រូវធ្វើការសហការគ្នាក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកកាន់ដីគោកវិញឱ្យបានត្រឹមថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ស្របតាមសេចក្តីជូនដំណឹង ចុះថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ ២០២០ របស់ក្រសួងធនធានទឹក និង ឧតុនិយម បានឱ្យដឹងថានៅតំបន់មាត់ សមុទ្រ នឹងភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់
ពីថ្ងៃទី ២៤- ២៧ ខែកញ្ញា ឆ្នាំ២០២០។