(កំពត)៖ នាព្រឹកថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការដំណើរបេសកកម្មបន្តចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោកប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត និង ខេត្តកែប បានចុះពិនិត្យសំណង់ស្ទាក់ទឹក លើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សំណង់ស្ទាក់ទឹកខាងលើ ត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០នេះ។ បន្ទាប់ពីបានសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះ បាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីស្រូវវស្សាប្រមាណ១៥៦០ហិកតា និងស្រូវប្រាំង ៣៨០ហិកតា ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក។

ក្នុងឱកាសនោះ រដ្ឋមន្រ្តី លឹម គានហោ ក៏បានកោតសរសើរ ដល់ក្រុមការងារសាងសង់ជាមន្រ្តីបច្ចេកទេសក្រសួង ដែលបានខិតខំធ្វើការ ទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំ យូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕

សូមបញ្ជាក់ថា កាលពីនៅរសៀលថៃ្ង ២៥ ខែកញ្ញា ឆ្នាំ២០២០ លោករដ្ឋមន្រ្តី លឹម គានហោ ព្រមទាំងរដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញ អនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ក៏បានចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ដែលរងការខូចខាតដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ។

សូមបញ្ជាក់ជូនថា ក្រោយពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ថា មានករណីរូងនាគនៅត្រង់ចំណុចក្បាលស្ពាន ទ្វាទឹកធំនៃអាងទឹកខ្ពបត្របែក មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រធ្វើការជួស ជុលរូងនាគ ដែលមានអង្កត់ផ្ចិតប្រវែង ១,៣ម៉ែត្រ ត្រង់ទីតាំងនោះ, កិច្ចការងារអន្តរាគមន៍បិទផ្ចិតរូងនាគបានដោយជោគជ័យនៅពេលកណ្តាលអធ្រាតយប់ថ្ងៃដដែល, រហូតមកដល់ពេលនេះនៅសល់តែការងារចាក់បំពេញដី និងបង្ហាប់ឲ្យកាន់តែប្រសើរបន្ថែមទៀតប៉ុណ្ណោះ ។

ក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋមន្ត្រី លឹម គានហោ បានណែនាំលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ និងមន្រ្តីបច្ចេកទេស ឲ្យបន្តយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យ ធ្វើយ៉ាងណាឲ្យការងារជួសជុលបានល្អប្រសើរទៅតាមលក្ខណ:បច្ចេកទេស ដើម្បីធានាក្នុងការរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here