សន្ទុះនឹងទំហំ​សេដ្ឋកិច្ចខេត្ត​កែប​មានការកើនឡើង​ដល់​ប្រមាណ​ ៥០​,៧លាន​ដុល្លារ​

852

មួយរយៈចុងក្រោយនេះកំណើន​នៃ​ការ​វិនិយោគ​នៅក្នុង​តំបន់​ សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​កែប​ទាំងមូល​ បាន​កើនឡើង​ដល់​ប្រមាណ២០៥​,៥២៦លាន​រៀល​ (៥០​,៧លាន​ដុល្លារ​) ស្មើនឹង​ប្រមាណ ០.២០ភាគរយ​ នៃ​ផលទុនជាតិ​សរុប​។

លោក​ រិន​ វីរៈ​ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងផែនការ​ បាន​មានប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​បឋម​ពី​លទ្ឋ​ផល​ នៃ​ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ កាលពី​ព្រឹក​ថ្ងៃទី២២​ តុលា​នេះ​ថា​ យោង​តាម​ការ​គណនា​របស់​អ្នក​បច្ច​កទេស​ ខេត្ត​កែប​មាន​ទំហំ​សេដ្ឋកិច្ច​សរុប​ប្រមាណ៥០.៧លាន​ដុល្លា​អាមេរិក​ មាន​ប្រមាណ០​,២០ភាគរយ​នៃ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។

កំណើន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កើនឡើង​ប្រមាណ៥​,៦ភាគរយ​ នៅ​ឆ្នាំ២០១៨​ បើ​ធៀប​នឹង​ឆ្នាំ២០១៧​។ ប្រាក់ចំណូល​ជាមធ្យម​សម្រាប់​មនុស្ស​ម្នា​ក់ៗ​នៅ​ឆ្នាំ២០១៨​ មាន​ចំនួន១​,២១៧ដុល្លារ​។ លោ​ករិន​ វីរៈ​បាន​បន្ថែម​ទៀត​ថា​ ថ្វីត្បិតតែ​ទំហំ​សេដ្ឋកិច្ច​ខេត្ត​ មានការ​កើនឡើង​ក៏ដោយ​ ក៏​ខេត្ត​ត្រូវ​យកចិត្ត​ទុកដាក់​លើ​វិស័យ​មួយចំនួន​ ដូចជា​ វិស័យ​សេវាកម្ម​ កសិកម្ម​ និង​ឧស្សាហកម្ម​ ព្រោះ​វិស័យ​ទាំងនេះ​ហើយ​ ដែល​ជម្រុ​ញសេដ្ឋកិច្ច​ខេត្ត​កែប​ឱ្យ​មានការ​រីកចម្រើន​ខ្លាំង​។ ក្នុង​ឆ្នាំ២០១៨​ នេះ​ផ្នែក​សេវាកម្ម​មាន​ទំហំ៥៤.០​ ភាគរយ​ ផ្នែក​កសិកម្ម​មាន២៩.៧​ ភាគរយ​ និង​ផ្នែក​ឧស្សាហកម្ម​មាន១៦.៣ភាគរយ​ ក្នុង​ការ​ជម្រុ​ញសេដ្ឋកិច្ច​ខេត្ត​ឱ្យ​មានការ​រីកចម្រើន​។

ដោយឡែកក្នុងនោះលោក​ កែន​ សត្ថា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ ក៏បាន​លើកឡើង​ដែលថា​ សម្រាប់​ខេត្ត​កែប​ រដ្ឋបាល​ខេត្ត​គ្រប់​ជាន់ថ្នាក់​ បាន​ខិតខំ​ព្យាយាម​ធ្វើការ​អភិវឌ្ឍ​ខេត្ត​ឱ្យ​ទទួល​បាន​នូវ​ភាព​រីកចម្រើន​ជាបន្តបន្ទាប់​។ ជាក់ស្ដែង​អត្រា​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​ថយ​ចុះពី​ចំនួន១៤​,៣៧ភាគរយ​នៅ​ឆ្នាំ២០១៥​ មក​ត្រឹម ៤​,៤៣ភាគរយ​ក្នុង​ឆ្នាំ២០១៩នេះ​៕