(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ដែលជាស្ថាប័នបណ្តុះបណ្តាល សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើកម្មវិធីជំរុញដំណោះស្រាយទូទាត់តាមបែបឌីជីថល សម្រាប់សមាជិកក្លឹប។

តាមរយៈភាពជាដៃគូនេះ វីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប នឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបញ្ច្រៀបចំណេះដឹង អំពីដំណោះស្រាយទូទាត់ តាមបែបឌីជីថលរបស់វីង ដល់សមាជិកក្លឹបដែលភាគច្រើន ជាសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការបណ្តុះបណ្តាល និងសកម្មភាពកសាងសមត្ថភាពផ្សេងៗ ដែលចាំបាច់សម្រាប់ ប្រតិបត្តិការ អាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បានថ្លែងថា «សហគ្រាសខ្នាតតូចនិងមធ្យម ជាផ្នែកមួយដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ពួកគេដើរតួជាអ្នកផ្គត់ផ្គង់ឲ្យសាជីវកម្មធំៗ និងបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងណាក្តី ដោយសារទំហំអាជីវកម្ម ពួកគេអាចប្រឈម នឹងបញ្ហាផ្សេងៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការទទួលបានបច្ចេកវិទ្យាទំនើប។ យើងចង់ចែករំលែកបន្ទុករបស់ពួកគេ និងជួយពួកគេឲ្យរីកចម្រើនជាមួយយើង»។

ក្នុងនាមជាអ្នកផ្តល់សេវាកម្ម ធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ធនាគារឯកទេសវីង បានកំពុងធ្វើការងារជាមួយដៃគូអាជីវកម្ម និងអ្នកជំនាញជាច្រើន ក្នុងការ បង្កើតដំណោះស្រាយគណនេយ្យ ដែលរៀបចំឡើងជាពិសេស សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីជួយដល់ពួកគេ អាចគ្រប់គ្រងលំហូរសាច់ប្រាក់ និងធ្វើការពង្រីកប្រតិបត្តិការ អាជីវកម្មប្រកបដោយប្រសិទ្ធភាព។

លោក ស៊ាន ធនិន អគ្គនាយកនៃក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប បានថ្លែងថា «ជាផ្នែកមួយនៃកម្មវិធីកសាងសមត្ថភាពអតិថិជន ដែលជាសហគ្រាសខ្នាតតូច និងមធ្យម យើងចាត់ទុកការដាក់បញ្ចូលហិរញ្ញវត្ថុ តាមបែបឌីជីថលដើរតួយ៉ាងសំខាន់ ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ក្នុងសហគមន៍។ យើងជឿជាក់ថា ភាពជាដៃគូជាមួយវីង នឹងជួយបង្កើតសេវាកម្មមួយ ដែលមានគុណតម្លៃបន្ថែម និងអត្ថប្រយោជន៍ជាច្រើន ដល់សមាជិកក្លឹបអចិន្រ្តៃយ៍របស់យើង»។

លោកបន្ដថា វីង និងស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប កំពុងរួបរួមគ្នា ក្នុងការប្រើប្រាស់សមត្ថភាពរបស់ពួកគេ ដើម្បីគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា ក៏ដូចជាការកសាងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

គូសបញ្ជាក់ថា បង្កើតឡើងក្នុងឆ្នាំ ២០១០ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ជាវិទ្យាស្ថានបណ្តុះបណ្តាល និងបង្ហាត់បង្រៀន សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងម្ចាស់អាជីវកម្មបែបគ្រួសារ ដើម្បីកសាងនិងប្រែក្លាយពួកគេ ទៅជាអ្នកប្រតិបត្តិអាជីព។

សព្វថ្ងៃនេះ ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប មានសមាជិកជាង ១,២០០នាក់ ដែលកំពុងគ្រប់គ្រង ជាង២០០០ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនេះ មានតម្លៃប្រតិបត្តិការសរុបប្រមាណ ១,០០០លានដុល្លារជារៀងរាល់ឆ្នាំ ហើយបានបង្កើតការងារច្រើនជាង១,០០០,០០០ដល់ប្រជាជនកម្ពុជា។