(កំពង់ធំ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ សហការជាមួយ ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចែករំលែកក្តីស្រឡាញ់ឲ្យបានច្រើនដើម្បីរស់នៅមានសន្តិភាព គ្រួសារ និងសង្គមជាតិ។

ការអំពាវនាវបែបនេះរបស់ លោក ខាន់ ខុន នៅក្នុងពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ៥៦០គ្រួសារ ស្មើនិងចំនួន ៦ ឃុំសង្កាត់ ក្នុង ខេត្តកំពង់ធំ ក្នុងបេសកកម្មរយៈពេល៣ថ្ងៃ គឺថ្ងៃ ទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២០។

លោក ខាន់ ខុន បានបន្តថា សមាគមបេសកកម្មដំណឹងល្អ ជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុក ដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជំនឿគ្រីស្ទបរិស័ទលើព្រះយេស៊ូវគ្រីស្ទ និងជួយរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការងារមនុស្សធម៌ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។

លោក បានបន្តទៀតថា ជានិច្ចកាលសមាគមបេសកកម្មដំណឹងល្អ តែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាក់ស្តែង គ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរាទទួលបានអំណោយមនុស្សធម៌របស់សមាគមនបេសកកម្មដំណឹងល្អ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈ ទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែននេះជាការចែករំលែកនូវក្តីស្រឡាញ់ចំពោះបងប្អូន។

ជាមួយគ្នានេះដែរ លោក ខាន់ ខុន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។

ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។