(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តហើយលើគម្រោងស្ថាបនាផ្លូវដែក ក្នុងទំហំទឹកប្រាក់ជាង ២២ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់ពីរដ្ឋអាឡាស្កា ទៅកាន់ខេត្តអាល់ប៊ឺតា នៃប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

គម្រោងស្ថាបនាផ្លូវដែកខាងលើដែលមានប្រវែងសរុប ២,៥៧០គីឡូម៉ែត្រនោះត្រូវបានគេរំពឹងថា អាចនឹងជួយសម្រួលដល់ការដឹកជញ្ជូនប្រេង និងទំនិញនានា ព្រមទាំងអ្នកដំណើរផងដែរ ឱ្យកាន់តែមានភាពងាយស្រួល នៅតំបន់ព្រំដែនអន្តរជាតិនៃសហរដ្ឋអាមេរិក និងប្រទេសកាណាដា។ ការអនុញ្ញាតឱ្យលើការសាងសង់ផ្លូវដែកនេះ ត្រូវបានប្រកាសដោយសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។

គួរបញ្ជាក់តាមសេតវិមានអាមេរិកបន្ថែមទៀតថា ការស្ថាបនា, ការតភ្ជាប់ និងការធ្វើប្រតិបត្តិការនៃផ្លូវដែកនេះ នឹងត្រូវស្ថិតនៅក្រោមការធ្វើអធិការកិច្ចដោយអ្នកតំណាងមកពីរដ្ឋាភិបាលសហព័ន្ធ, រដ្ឋ និងទីភ្នាក់ងារក្នុងតំបន់។ គម្រោងស្ថាបនាផ្លូវដែកពីរដ្ឋអាឡាស្កា ទៅខេត្ត Alberta ស្ថិតនៅក្រោមការដឹកនាំដោយក្រុមហ៊ុនអាមេរិក AARDC (Alaska to Alberta Railway Development Corporation)៕