ខេត្តតាកែវ÷ យោងតាមការបញ្ជាក់ពី លោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹងថា កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី២៣ ខែតុលា ឆ្នាំ២០១៩ មានករណីពលរដ្ឋ ពុលនំបញ្ជុក បណ្ដាលឲ្យក្អួតចង្អោ ចំនួន ១៨នាក់ ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតកែវ ហើយត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាទី ដើម្បីធ្វើជួយសង្រ្គោះភ្លាមៗ ប៉ុន្តែមិនបណ្ដាលឱ្យនរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

លោកអភិបាលស្រុកបាទី បានបន្តថា ចំពោះមូលហេតុនៃការពុលនំបញ្ចុកនេះ គឺបណ្ដាលមកពីពួកគាត់ហូបនំបញ្ចុក មីងម្នាក់ដែលគាត់តែងតែរែកលក់ តាមផ្លូវស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ជារៀងរាល់ថ្ងៃ ប៉ុន្តែចំពោះមូលហេតុច្បាស់លាស់នៃការពុលនេះ គឺលោកមិនទាន់កំណត់បាននៅឡើយទេ។

តែយ៉ាងណានេះជាការធ្វេសប្រហែសមួយរបស់អ្នកលក់ ហើយបញ្ហាការបរិភោគបន្លែចំណីចំណុកពុលនេះពុលនោះ ជារឿយៗបានកើតឡើងក្នុងសង្គមខ្មែរយើងបច្ចុប្បន្ននេះ ដែលអាចបង្កបញ្ហាដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតមនុស្សក៏មានផងដែរ។ ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងការបរិភោគបន្លែ សាច់ នំចំណី គ្រឿងកំប៉ុង ជាដើម ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សុខភាព៕