(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការិយាល័យសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស បានចាប់បើកដំណើរការហើយ ចាប់ពីម៉ោង៧ព្រឹក ថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២០នេះតទៅ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅពីថ្ងៃ ទី០១ ដល់ថ្ងៃ ទី១៩ ខែតុលា។ លោក បានអំពាំវនាវដល់ ប្រជាពលរដ្ឋដែលគ្រប់ អាយុ១៨ឆ្នាំ កើតមុនឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ឬអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតមកចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដោយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទើបអាចបោះឆ្នោតបាន។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្មីៗនេះ ក៏បានប្រកាសដែរថា ខ្លួនមានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីជាង ៣សែននាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង ១សែននាក់។
បើតាមសេចក្តីប្រកាសព័ត៌មានគ.ជ.ប, ប្រជាពលរដ្ឋដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ មានចំនួន ៨.៦២៩.៣៥៧ នាក់។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣០០.៣៩០ នាក់៕