(រាជធានីភ្នំពេញ)៖ បុរសម្នាក់ដែលជានិស្សិតរៀននៅសាកលវិទ្យាល័យនីមឆ្នាំទី៣ម្នាក់ បើកបរម៉ូតូមួយគ្រឿងម៉ាកclick ពាក់ស្លាកលេខ ភ្នំពេញ 1HP -1535 បានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះជាមួយនឹងរថយន្តមួយគ្រឿងម៉ាកFuso មានពាក់ស្លាកលេខ ភ្នំពេញ ពាក់ស្លាកលេខ 3D-8735 បណ្ដាលឲ្យកៀរបុរសខាងលើបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ ចំណែកម្ចាស់យន្តត្រូវបានរត់គេចខ្លួនបាត់ស្រមោលឈឹង បន្សល់ទុកតែរថយន្តនៅត្រង់ចំណុចកើតហេតុ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ដែលត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពី ពូ ជនរងគ្រោះអោយដឹងថាបុរសដែលជានិស្សិតរៀននៅសាកលវិទ្យាល័យនីមឆ្នាំទី៣ មានឈ្មោះ ចាន់ វឌ្ឍនភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅ ភូមិរលួស សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ បានបើកបរម៉ូតូមួយគ្រឿងម៉ាកclick ធ្វើដំណើរពីសាលារៀនមកផ្ទះវិញ លុះមកដល់ត្រង់ចំណុចកើតហេតុក៏បានប៉ះជាមួយនឹងរថយន្តមួយគ្រឿងបណ្ដាលឲ្យបុរសនោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅត្រង់ចំណុចកើតហេតុ រួចកម្លាំងជំនាញចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងចប់សព្វគ្រប់ ក៏ប្រគល់សពទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តនាំយកទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់។