(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានតែងតាំងមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តម បានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅពេលនេះ។ ឯកឧត្តមពិតជារីករាយ និងទទួលស្គាល់សម្រាប់ថ្ងៃនេះ២៣ តុលា ដែលជាប្រវត្តិសាស្ត្រ និងជាថ្ងៃឈប់សម្រាករបស់ប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ឯកឧត្តមដែលត្រូវចាប់ផ្ដើមបំពេញការងារនៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលជាការបន្តធ្វើនោះគឺការបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ សម្តេចបន្តថា ដោយសារកន្លងមកកម្ពុជា និងសហរដ្ឋអាមេរិកមានការសហការគ្នាលើគ្រប់វិស័យ ពិសេសកន្លងមកយើងមានចំណុចដែលបានឯកភាពគ្នាច្រើន ហើយយើងនឹងបន្តពេលវេលា ដើម្បីធ្វើការសហការគ្នាជាបន្តបន្ទាប់ទៀត។