(អាមេរិក)៖ ក្រុមហ៊ុន Disney បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយការងារ ចំនួន២៨,០០០កន្លែង ពីឧទ្យានកម្សាន្តរបស់ខ្លួន នៅសហរដ្ឋអាមេរិក, ដោយសារការរឹតត្បិតរបស់រដ្ឋ California ដែលបានរារាំង Disneyland ពីការបើកដំណើរការឡើងវិញ ដោយសារតែការរាតត្បាត ពីជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។

ការកាត់បន្ថយបុគ្គលិកនេះ គឺជាភាពចាំបាច់នៅក្នុងតម្រូវការរក្សាគម្លាតសង្គម និងតម្រូវការមានការធ្លាក់ចុះ ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺ COVID-19 ជាមួយនឹងភាពមិនច្បាស់លាស់ ថាតើពេលណាឧទ្យាន នឹងបើកដំណើរការឡើងវិញ។

ប្រមាណ២ភាគ៣ នៃបុគ្គលិកដែលបានរងផលប៉ះពាល់នោះ គឺជាបុគ្គលិកក្រៅម៉ោង។

ឧទ្យានកម្សាន្ត Disneyland ដំបូងឡើយ គ្រោងនឹងបើកដំណើរការឡើងវិញ នៅខែកក្កដាកន្លងទៅ, ប៉ុន្តែគម្រោងនេះ ត្រូវបានបញ្ឈប់វិញ ដោយសារតែករណីជំងឺ COVID-19 បានលេចឡើងជាថ្មី។

គួរបញ្ជាក់ថា រដ្ឋ California មានករណីឆ្លងជំងឺចំនួន៨០៥,០០០ករណី ដែលចំនួននេះ គឺច្រើនជាងគេបំផុត បើធៀបនឹងរដ្ឋដទៃទៀត របស់សហរដ្ឋអាមេរិក៕