(សហរដ្ឋអាមេរិច)៖ ពិតជារឿងមួយដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើការបង្ហោះសាររបស់ លោកប្រធានាធិបតី លោក Donald Trump ដែលក្នុងនោះលោកបានសរសេរបង្ហោះក្នុងសារធ្វីតធឺរបស់ខ្លួនថា៖ លោកនិងភរិយាគឺលោកស្រីជំទាវ Melania Trump បានឆ្លងជំងឺកូវីដ១៩ ដោយលទ្ធផលនៃការធ្វើតេស្តបង្ហាញថាវិជ្ជមាន។
នេះបើយោងទៅតាម ធ្វីតធឺ របស់លោក លោក Trump បានសរសេរក្នុងន័យដើមថា៖ «យប់នេះ ភរិយាខ្ញុំ និងខ្ញុំ បានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺកូវីដ១៩។ យើងនឹងចាប់ផ្តើមដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ និងសម្រាកព្យាបាលជំងឺនេះ។ យើងនឹងឆ្លងផុតផលលំបាកពីជំងឺនេះជាមួយគ្នា»។
ដោយឡែកក្រោយពី ប្រធានាធិបតី លោក Donald Trump បានសរសេរសារបង្ហោះប្រាប់ពិភពលោកឲ្យដឹង ថាខ្លួននឹងភរិយារបស់ខ្លួន ធ្វើតេស្តមាន កូវីត–១៩ វិជ្ជមានហើយ មិនបង្អង់យូរគ្រូពេទ្យនៅសេតវិមានលោក Sean Conley បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដែលក្នុងនោះ លោករំពឹងថា លោកប្រធានាធិបតី Trump នឹងអាចបំពេញភារកិច្ចរបស់លោកដោយគ្មានការរំខាន។
គួរបញ្ជាក់ផងដែរថាការធ្វើតេស្តលទ្ធផលវិជ្ជមាននេះត្រូវបានរកឃើញប៉ុន្មានម៉ោង ក្រោយពេលដែលជំនួយការជាន់ខ្ពស់ម្នាក់របស់លោក Trump គឺអ្នកស្រី Hope Hicks ដែលបានធ្វើដំណើរជាមួយលោកប្រធានាធិបតីជាច្រើនលើកក្នុងសប្តាហ៍នេះ បានឆ្លងជំងឺកូវីដ១៩។
យ៉ាងណាមិញនេះគឺជារឿងមួយដែលកំពុងតែរសើបនឹងធ្វើឲ្យពិភពលោកកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែរជម្ងឺនេះកំពុងតែរាតត្បាតពេញពិភពលោក ហើយអ្វីដែលកាន់តែព្រួយបារម្ភខ្លាំងជាងនេះទៅទៀតនោះ គឺមេដឹកនាំ ដែលជាប្រទេសមហាអំណាចមួយគឺប្រទេសសហរដ្ឋអាមេរិចក៏កំពុងតែមានផ្ទុក កូវីត–១៩ នេះទៀត។ ប្រភព៖ CNN
