រសៀលថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះវីដេអូ ដែលលោកជួបផ្ទាល់ ដោយត្រូវមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ហៅឃាត់រថយន្តរបស់លោកឈប់ ក្នុងការធ្វើការត្រួតពិនិត្យផាកពិន័យ ដែលខុសពីច្បាប់ ដែលមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ មានសិទ្ធិជួយសំរួលចរាចរណ៍ មិនមានសិទ្ធធ្វើការឃាត់ផាកពិន័យដូចមន្ត្រីនគរបាលចរាចរណ៍ឡើយ។
លោក ឧត្ដមសេនីយ៍ ទី ចំរើនកុសល បានមានការលើកឡើងនៅលើទំព័រហ្វេសប៊ុកដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងដូចតទៅ៖
សូមចំណាំ !!! គាត់មិនមែនជានគរបាលចរចរណ៍ទេ។ គាត់គឺជាមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ ចំណុចសម្គាល់ គឺគ្មានពាក់សក្តិលើស្មា គ្មានស្លាកសញ្ញានគរបាលនៅលើសម្លៀកបំពាក់។
តើតួនាទី និងភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ធ្វើអ្វីខ្លះ? គឺជួយសហការជាមួយនគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ តែគ្មានសិទ្ធិចេញមកបញ្ឈប់រាល់យានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយឯកឯងដូចនៅក្នុងវីដេអូនេះបានទេ។
រូបភាពនេះកើតឡើងកាលពីថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ មកម៉្លេះ ហើយខ្ញុំបានរាយការណ៍ជូនថ្នាក់ដឹកនាំរួចហើយដែរ ថ្នាក់ដឹកនាំក៏កំពុងដាក់វិន័យបុគ្គលនេះតាមរូបភាពបញ្ឈរជើងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី។
ខ្ញុំសូមអំពាវនាវដល់មន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញទាំងអស់ ដែលកំពុងសហការជួយនគរបាលចរាចរណ៍តាមគោលដៅនានាក្នុងរាជធានី ភ្នំពេញ សូមបញ្ឈប់សកម្មភាព ចេញហៅ ឬឃាត់ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដោយឯកឯងតទៅទៀត ពិព្រោះអស់លោក លោកស្រី នាងកញ្ញា មិនមែនជានគរបាលចរាចរណ៍ទេ។